បទយកការណ៍៖  សហព័ន្ធស្រូវអង្ករកម្ពុជា នឹងប្រែក្លាយតំបន់ខ្ពង់រាប ជាជង្រុកស្រូវសរីរាង្គសម្រាប់នាំចេញ

AKP ភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០–

តំបន់ខ្ពង់រាបដែលពិបាកនៅក្នុងការបង្កបង្កើនផលស្រូវនឹងត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជារៀបចំជាយុទ្ធសាស្រ្តប្រែក្លាយជាតំបន់ផលិត និងជាជង្រុកស្រូវអង្ករសរីរាង្គដែលកំពុងតែមានតម្លៃនៅលើទីផ្សារអន្តរជាតិ ។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា នៅពេលបច្ចុប្បន្ននេះអង្ករសរីរាង្គកម្ពុជាគឺជាផលិតផលនាំចេញមួយ ដែលកំពុងតែមានឧត្តមភាពនៅលើទីផ្សារ ជាពិសេសគឺនៅទីផ្សារសហគមន៍អឺរ៉ុប ។

លោកបានបញ្ជាក់ថា “ពាក់ព័ន្ធនឹងអង្ករសរីរាង្គ វាគឺជាមោទនភាពជាតិមួយរបស់កម្ពុជាយើងនៅលើទីផ្សារអឺរ៉ុប។ កាលពី៥ឆ្នាំមុន គឺយើងនាំចេញអង្ករសរីរាង្គតិចតួចមែនទែនទៅកាន់អឺរ៉ុប នៅក្នុងបរិមាណប្រហែលជា១០០តោនទេ នៅក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលនេះគឺមានប្រមាណជា ៨.០០០ តោន ” ។

តាមការរៀបរាប់របស់លោក សុង សារ៉ន មកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុន ដែលកំពុងតែនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអឺរ៉ុប មានប្រមាណជា ៥ទៅ៦ ក្រុមហ៊ុន ដែលពួកគេកំពុងតែធ្វើការជាមួយនឹងកសិករផ្ទាល់នៅតាមសហគមន៍មួយចំនួននៅក្នុងខេត្តព្រះវិហារ កំពង់ស្ពឺ តាកែវ កំពត កំពង់ឆ្នាំង និងមណ្ឌលគីរី ។
លោកបានបន្តថា នៅពេលអនាគតសហព័ន្ធអាចនឹងពង្រឹងសក្តានុពលនៅតាមតំបន់ខ្ពង់រាប ពីព្រោះនៅតំបន់ខ្ពង់រាបក៏ជាតំបន់ដែលពិបាកនៅក្នុងការធ្វើស្រែ ពោលគឺមួយឆ្នាំអាចធ្វើបានតែម្តងទេ ដូច្នេះហើយបានជាសហព័ន្ធ ចង់ឲ្យកសិករនៅតំបន់នោះបង្កបង្កើនផលនូវប្រភេទស្រូវណា ដែលមានតម្លៃនៅទីផ្សារ។
លោកបានបញ្ជាក់ថា” ជាគោលការណ៍របស់សហព័ន្ធយើងចង់ឲ្យខេត្តនៅតំបន់ខ្ពង់រាបក្លាយជាខេត្តដែលផលិតនូវផលិតផលស្រូវដែលពិសេស ពោលគឺស្រូវសីរាង្គនេះតែម្តង ” ។


លោកបានបន្តថា នៅតំបន់ខ្ពង់រាបនៅកម្ពុជាគឺកសិករមិនអាចធ្វើស្រែមួយឆ្នាំ២ទៅ៣ ដង ដូចជា តំបន់វាលទំនាបឯទៀតដែលសំបូរទឹកបានទេ ដូច្នេះបើកសិករគាត់ធ្វើស្រូវដែលពិសេសបាន គឺគាត់ធ្វើតែម្តង ប៉ុន្តែគាត់អាចផលិតនូវស្រូវ និងអង្ករដែលអាចលក់នៅលើទីផ្សារបានតម្លៃ ប្រហាក់ប្រហែលនឹងតំបន់ផ្សេងបាន នៅពេលនោះជីវភាពរបស់ពួកគាត់នឹងកាន់តែប្រសើរ ហើយកិត្តិនាមអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិក៏កាន់តែប្រសើរផងដែរ ។
លោកបានបញ្ជាក់ថា ” ជាយុទ្ធសាស្រ្តរបស់សហព័ន្ធ គឺចង់ឲ្យកសិករនៅតំបន់ខ្ពង់រាបគាត់ធ្វើសែ្រតែម្តងទេ តែបានផលនូវអង្ករដែលមានតម្លៃថ្លៃ ” ។

ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសណ្ឋានដីបែកចែកជាច្រើនតំបន់ ដែលរួមមានដូចជា តំបន់ទំនាបកណ្ដាល តំបន់ប្រជុំភ្នំ និងខ្ពង់រាប និងតំបន់កូនភ្នំ ។ ទំនាបកណ្ដាលនៃប្រទេសខ្មែរព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប គឺភ្នំក្រវាញ នៅនិរតី ភ្នំដងរែក នៅខាងជើង ខ្ពង់រាបខាងជើង ខ្ពង់រាបខាងកើត និងឦសាន ។ ទំនាបកណ្តាលរហូតមកដល់ពេលនេះ ត្រូវបានគេដឹងថា គឺជាដែនដីកសិកម្ម ជាពិសេសគឺដំណាំស្រូវ ។ ដោយឡែកខ្ពង់រាប ជាទូទៅមានសក្តានុពល សម្រាប់ដំណាំកសិឧស្សាហកម្ម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មានពូជស្រូវមួយចំនួន ដែលត្រូវបានកសិករកម្ពុជា ជាពិសេសគឺសហគមន៍បងប្អូនជនជាតិភាគតិចបន្តបង្កបង្កើនផល តាមបែបប្រពៃណីរបស់ពួកគេរហូតមកដល់ពេលបច្ចុប្បន្ននេះ ។ សម្រាប់តំបន់កូនភ្នំ ត្រូវបានគេដឹងថា អាចជាកន្លែងដែលសំបូរទៅដោយធនធានរ៉ែផ្សេងៗ។ រីឯតំបន់ប្រជុំភ្នំ ត្រូវបានគេដឹងថា ជាតំបន់ដែលសំបូរទៅដោយគម្របព្រៃឈើ ។

ដោយ ហេង បញ្ញា និង ជា វណ្ណៈ