រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត​ព្រះវិហារ និងខេត្តឧត្តរមានជ័យ

AKP ព្រះវិហារ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០
​ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាល ជាមួយ​មន្រ្តី​រាជការ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រៀបចំ​ដោយរដ្ឋបាលខេត្តព្រះវិហារ នៅសាល​ប្រជុំ​សាលាខេត្តព្រះវិហារ ដោយមានការចូល​រួមពី ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងប្រធាន​ក្រុម​ប្រឹក្សាខេត្តឧត្តរមានជ័យ ប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមុខងារសាធារណៈ​ទាំង​ខេត្ត​ព្រះវិហារ និងខេត្តឧត្តរមានជ័យ ផងដែរ ។
ឯកឧត្តម ព្រំ សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីក​ចម្រើនលើគ្រប់វិស័យក្នុងទឹកដី នៃខេត្តទាំងពីរ ក្រោមការសាមគ្គីគ្នារបស់អាជ្ញាធរដែនដី គ្រប់​លំដាប់ថ្នាក់ ធ្វើឱ្យខេត្តទាំងពីរនេះបានប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ មិនចាញ់បណ្តា​ខេត្តនានានោះឡើយ។ ឯកឧត្តមបន្តថា មន្ទីរត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បី​បំពេញនូវតម្រូវការ ការងារបច្ចុប្បន្នឲ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត ស្របតាមកំណែ​ទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដំណើរការ ជាពិសេសកំណែទម្រង់វិជ្ឍការ និងវិសហមជ្ឍការដែលកាន់ស៊ីជម្រៅ ការផ្ទេរ និងប្រគល់មុខងារ ធនធានឱ្យថ្នាក់ក្រោមជាតិ តួយ៉ាងថ្នាក់ក្រុង ស្រុក។ ឯកឧត្ដមបានបន្ដទៀតថា កំណែទម្រង់មុខងារសាធារណៈ ពិតជា​ការងារចាំបាច់និងទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពល​រដ្ឋ​យ៉ាងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ ពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង និង​អភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលជាសកលពីជំងឺកូវីដ-១៩ ។ ឯកឧត្ដមបានបន្ថែមថា បើទោះជាសេដ្ឋកិច្ចជាតិ រងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះ ក៏ពិតមែនតែមន្រ្តីរាជការស៊ីវិលគ្រូបង្រៀន និងកងកម្លាំងនៅតែបន្តនិរន្តភាពបើកប្រាក់បៀវត្សរ៍ យ៉ាងទៀងទាត់ ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ក៏ត្រូវ​បានរាជរដ្ឋាភិបាល គិតគូរយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបញ្ចេញថវិការបស់រដ្ឋរាប់​រយលានដុល្លារ ឧបត្ថម្ភជួយដល់ពួកគាត់ក្នុងកាលៈទេសៈ នៃវិបត្តិកូវីដ-១៩នេះ។
ឯកឧត្តររដ្ឋមន្ត្រី ក៏បានស្នើឱ្យអាជ្ញាធរខេត្តទាំងពី សូមបន្តរួមគ្នាប្រយុទ្ធប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាលក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកុំឱ្យជំងឺនេះ មានការឆ្លង​រាលដាលដល់សហគមន៍ និងត្រូវបន្តការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យ​បាន​ល្អប្រសើរបន្ថែមទៀត។ ទន្ទឹមនេះ មន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ សូមបន្តសាមគ្គី​ភាព​ផ្ទៃក្នុង និងត្រូវធ្វើជាសេនាធិការឱ្យថ្នាក់ដឹកនាំខេត្ត លើផ្នែកមុខងារសាធារណៈ ប្រកប​ដោយ​ការទទួលខុសត្រូវខ្ពស់ ៕

ដោយ ទិត ស្រ៊