រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ជំរុញ​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង រៀនសូត្រ​ឱ្យបាន​ពូកែ បើ​ទោះ​ក្នុងដំណាក់កាល​មាន​ជំងឺ​កូ​វីដ​-១៩​ក្ដី​

AKP កំពង់ចាម ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០
​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង រៀនសូត្រ​ឱ្យបាន​ពូកែ ទោះបី​ក្នុងដំណាក់កាល​មាន​វិបត្ដិ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​មិន​បានមក​រៀន​នៅ​សាលា ក៏ដោយ ក៏ត្រូវ​ប្រឹងរៀន​នៅផ្ទះ​។ នេះ​គឺជា​ការលើកឡើង​របស់​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា ១ ខ្នង ស្មើនឹង ៣ បន្ទប់ ស្ថិតក្នុង​សាលាបឋមសិក្សា ប៉ាក់ណាម ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ជា​អំណោយ​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ ទេព រង្ស៊ី កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ជម្រាបជូន​ពី​ការគិត​គួរ​ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ប្រជាពលរដ្ឋ​ក្រី​ក្រី ពិសេស​អ្នក​ប៉ះពាល់​ជីវភាព​រស់នៅ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បង្កើតជា​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ចំនួន​ប្រមាណ​ជា​៥៣​ម៉ឺន​គ្រួសារ លើ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។ នេះ​បើតាម​តូ​លេខ បង្ហាញ​ដោយ​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម​ប្ប​ទា​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ដថា ចំពោះ​ការបើក​សាលារៀន​ឡើង​ឡើង គឺ​នៅ​ដើមខែ​សីហា ខាងមុខនេះ គឺមាន​ការបើក​សាកល្បង​ចំនួន ២០ សាលា ព្រោះ​រាជរដ្ឋាភិបាល នៅមាន​ការព្រួយបារម្ភ​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើសិន​ជាមាន​ការឆ្លង​ទ្រង់ ទ្រាយ​ធំ ពិបាក​នឹង​ទប់ស្កាត់ ។ ដូច្នេះ​សម្រាប់​ជំ​ហ៊ាន​សាកល្បង បើ​បានល្អ និង​ឈានទៅ​បើក កម្រិត​ដំណាក់កាល​ទី​២ និង​បើក​ទូទាំងប្រទេស​តែម្តង បើសិនជា​គ្មាន​ការឆ្លង​ទៀត​ទេ​។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បាន​លើកឡើង​ផងដែរ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ព័ត៌មាន បាន​បង្កើត​កម្មវិធី​ប​ង្រៀ​ន​ពី​ចម្ងាយ ដែលមាន​ការផ្សាយ​តាមរយៈ​ទូរទស្សន៍ ទ​ទក ២ ដែល​ទើប​បង្កើត​។ ដូច្នេះ ត្រូវ​ប្រឹងរៀន​ឱ្យ​ពូកែ មានការ​ងារ​ធ្វើ​ល្អ ប្រើ​កម្លាំង​តិច បាន​ចំណូល​ច្រើន បើ​យើង​មាន ចំណេះដឹង​ពិតប្រាកដ​។ ឯកឧត្ដម​ក៏បាន​លើកឡើង​ពី​ប្រវត្តិ​នៃ​អគារ សិក្សា ១ ខ្នង​នេះ ដែល​កាលពី​ទសវត្សរ៍ ៨០ ជាង ឧបាសក ខៀវ ថន និង ឧបាសិកា ឡោ លាង​ហ៊​ន់ ត្រូវជា​មាតា បិតា​បង្កើត​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រី​ដែល​បាន​ជួយ​ឧ​ប​ត្ត​ម​ថវិកា ក្នុងការ​សាងសង់ តែ​ក្រោយមក​ដល់ពេលនេះ អគារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ទើប​ឯកឧត្ដម​រដ្ឋមន្ដ្រី និង​លោកជំទាវ បានផ្តល់​ថវិកា ក្នុងការ​សាងសង់ឡើង​វិញ ដោយ​ចំណាយ​ថវិកា ប្រមាណ ៥៥,៦០០​ដុល្លា​អាម៉េរិក​។ ឯកឧត្ដម​ក៏បាន​ជម្រាបជូន​ផងដែរ​ថា ក្នុងពេល​បច្ចុប្បន្ននេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ច្រើនជាង​ចំនួន​ប្រជាជន​កម្ពុជា​ទៅទៀត បើតាម​តូ​លេខ​សម្រាប់​ថ្ងៃទី ២៥ ខែកក្កដា​នេះ គឺ​ចំនួន​អ្នក​ឆ្លង COVID-19 លើ​លោក​កើន​ដល់​ជិត ១៦ លាន​នាក់ ស្លាប់​ជាង ៦៤​ម៉ឺន​នាក់ និង​ជាសះស្បើយ ជិត​១០ លាន​នាក់​។

​សម្រាប់​ថ្ងៃនេះ​ដែរ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ចំពោះ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រោយពេល​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​រហូតដល់ ២៣​នាក់ ដែលជា​ករណី​នាំចូល និង​ចាត់ទុកជា​ចំនួន​ដ៏​ច្រើន​មួយ​៕ ដោយ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា​