លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ លទ្ធភាព នៃការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ គឺមិនអាចមើលរំលងបានឡើយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះថា លទ្ធភាព នៃការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ គឺមិនអាចមើលរំលងបានឡើយ។

លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំសូមជម្រាបជូនថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍  គឺយើងមិនអាចមើលរំលងបានឡើយ ។  ហេតុដូច្នេះហើយ ទើបបានជាក្រសួងសុខាភិបាល  តែងតែអំពាវនាវហើយអំពាវនាវទៀត សូមឱ្យបងប្អូនប្រជាពលរដ្ឋ  ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ ថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២៣នាក់ទៀត នៅថ្ងៃនេះ ជាករណីនាំចូលក៏ពិតមែន ក៏ប៉ុន្តែវាជាចំនួនច្រើនណាស់  ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ?» ។

ក្នុងឱកាសនោះ លោកជំទាវក៏បានស្នើឱ្យអ្នកដើរកម្សាន្តទាំងអស់ ជាពិសេសចុងសប្តាហ៍នេះ ក៏ដូចជាអ្នកដែលគ្រោងធ្វើដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ គឺត្រូវតែចេះប្រុងប្រយ័ត្នឱ្យមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ១៩  អាចកើតមានគ្រប់ពេលវេលា  គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ លោកជំទាវក៏បានរម្លឹកផងដែរថា៖ «សូមកុំភ្លេចខ្លួន និងសូមកុំសន្តិភាពនិយមជាមួយវីរុសកូវីដ១៩ នេះឱ្យសោះ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ  ចៀសផុតពីការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ  និងចៀសផុតពីការចម្លងចូលសហគមន៍ជាបន្តទៀត» ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន២៣ករណីឯណោះត្រូវបានរកឃើញ និងមានករណីព្យាបាលជាសះស្បើយ ០១ ករណី ដោយឡែកករណីវិជ្ជមានចុងក្រោយថ្មីៗនេះ គឺជាករណីនាំចូលទាំងអស់។

ដោយ ផែន រតនៈ