ផ្សិតក្ងោកនិងផ្សិតទន្សោងជាអនុផលព្រៃឈើនៅក្នុងតំបន់ព្រៃពូជគ្រញូងកំពុងផ្តល់ផលដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ

AKP ខេត្តសៀមរាប ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០–ប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយស្រីនិងស្រុកស្វាយលើខេត្តសៀមរាបចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីតំបន់ព្រៃពូជគ្រញូង ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខា្នរក្រៅ អនុផលព្រៃឈើទាំងនោះរួមមាន ផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតផ្សេងៗជាច្រើនទៀត ដែលចាប់ផ្តើមដុះនៅក្នុងខែកក្កដានេះ រហូតដល់ចុងខែសីហាខាងមុខ។

      លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឱ្យដឹងថា ដោយសារតែតំបន់នេះជាតំបន់ព្រៃត្រូវការពារ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួលបានការអនុញ្ញាតត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំការពារព្រៃផងដែរ។ លោកថា កិច្ចការអភិរក្សនិងថែរក្សាព្រៃឈើ វាច្បាស់ណាស់ អនុផលព្រៃឈើដ៏សម្បូណ៌បែប វានឹងប្រាកដកើតឡើង។ដោយកាលពីពេលធ្លាក់ភ្ញៀងដំបូងក្នុងមេសាកន្លងមក ប្រជាពលរដ្ឋទទួលបានផលផ្សិតប៉ក់ និងការលូតលាស់ស្លឹកព្រិចប្រភេទបន្លែព្រៃ និងដល់ខែកក្កដានេះ ចាប់ផ្តើមទទួលបានផលផ្សិតក្ងោក ផ្សិតទន្សោង សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានអាស្រ័យផល តាមរដូវកាលជារៀងរាល់ឆ្នាំ។

ក្រុមប្រជាពលរដ្ឋដែលបានចូលមកប្រមូលផលផ្សិតនៅក្នុងព្រៃនោះ ពួកគេក្នុងម្នាក់ៗ អាចដកផ្សិតបានពី៥ដល់១០គីឡូក្រាមតាមស្ថានភាពជាក់ស្តែង ព្រោះការប្រទះឃើញផ្សិតនៅក្នុងព្រៃនេះ វាផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។ ពួកគាត់និយាយថា បើសិនជារកផ្សិតបានតិចគឺទុកសម្រាប់ហូបក្នុងគ្រួសារ ហើយបើរកបានច្រើនគឺទុកសម្រាប់ហូបខ្លះនិងសម្រាប់លក់ខ្លះ។ ដោយលក់បានក្នុង១គីឡូក្រាមបាន២ម៉ឺនរៀល ហើយការដើរប្រមូលផ្សិតនេះពុំមែនដោយសារតែភាពក្រីក្របង្ខំឱ្យពួកគាត់មកបេះផ្សិតនោះទេ តែជាប្រពៃណីប្រចាំរដូវ ដែលពួកគាត់ត្រូវចូលមកប្រមូលផលនៅក្នុងព្រៃនេះ។ យ៉ាងណាក៏ដោយ អនុផលព្រៃឈើបានជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា ការការពារព្រៃឈើ បានល្អទើបទទួលផលយ៉ាងដូច្នេះ៕

ឃុត សៅ សៀមរាប