ផ្សារសហគមន៍ផលិតផលខ្មែរខេត្តបន្ទាយមានជ័យត្រូវបានដាក់ឱ្យដំណើរការ លក់ដូររៀងរាល់ចុងសប្តាហ៍ ​

​AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០–

ផ្សារសហគមន៍ផលិតផលសុវត្ថិភាពរបស់ខ្មែរមួយកន្លែងនៅក្នុងក្រុងសិរីសោភ័ណដែលរៀបចំឡើងដោយអាជ្ញាធរខេត្តបន្ទាយមានជ័យត្រូវបានបើកឱ្យដំណើរការលក់ដូរដើម្បីជួយលើកកម្ពស់ធ្វើឱ្យប្រសើរឡើងដល់ជីវភាពប្រជាកសិករក្នុងអំឡុងស្ថានភាពនៃការជួបវិបត្តិជំងឺកូវីដ-១៩ នេះ។

​ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដំណើរការផ្សារសហគមន៍ផលិតផលខ្មែរ និងវិថីម្ហូបអាហារ​កាលពីរសៀលថ្ងៃទី២៤​ ខែកក្កដា​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យមានប្រសាសន៍ថាការបង្កើតផ្សារសហគមន៍ផលិតផលខ្មែរនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញសហគ្រាសនានា បង្កើតឱកាសសម្រាប់ក្រុមកសិករផលិត អ្នកប្រមូលទិញធំៗ នៅក្នុងតំបន់និងក្រៅតំបន់ដើម្បីសហការគ្នាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារនិងបង្កើន​ផលិតផល និងផលិតកម្ម។

ឯកឧត្តមបន្តថា ផ្សារសហគមន៍ផលិតផលខ្មែរនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ទីផ្សារលក់ដូរក្រោយទទួលផលដែលធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាកសិករយើងកាន់តែទទួលបាននូវភាពល្អប្រសើរថែមទៀតដែលជំរុញលើកទឹកចិត្តធ្វើឱ្យពួកគាត់បន្តការយកចិត្តទុកដាក់ខិតខំដាំដុះបន្លែផ្លែឈើសុវត្ថិភាពដោយគ្មានជាតិគីមីនិងការចិញ្ចឹមសត្វតាមបែបធម្មជាតិក៍ដូចជាបានដឹងនិងជួយគាំទ្រផលិតផលកសិកម្មកែច្នៃដោយ​សិប្បករនៅក្នុងខេត្ត​។

លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា ផ្សារសហគមផលិតផលខ្មែរ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានចាប់បើកដំណើរការលក់ដូរ៣ថ្ងៃ​ រៀងរាល់ចុងសប្តាហ៍ ​​ (សុក្រ​-សៅរ៍​និងអាទិត្យ​)។

លោកបន្តថា ផ្សារមានលក់បន្លែសុវត្ថិភាពនិងសរីរាង្គដែលដាំដុះដោយក្រុមកសិករក្នុងខេត្តបន្ទាយមានជ័យក៍ដូចជាមាន់ស្រែអង្ករម្សៅដំឡូងមីនិងផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្តជាច្រើនមុខទៀតមានចំនួន៤៣តូបបានរៀបចំរួចរាល់ដែលមានទីតាំងស្ថិតនៅ​ប៉ែកខាងជើង​ សួនមានជ័យ​ ក្រុងសិរីសោភ័ណ​ ។

លោកប៉ុកឡាយជីក៏បានឱ្យដឹងទៀតថាក្នុងនោះក៏មានការរៀបចំឱ្យមានជាវិថីម្ហូបអាហារ​ សម្រាប់បងប្អូនពលរដ្ឋមកលេងកម្សាន្ត និងពិសាចំណីអាហារនៅទីនោះផងដែរ៕

ដោយ ឈុនសារ៉ាត