ក្រសួង​អប់រំ​ប្រកាស​លើក​ពេល​ប្រឡង​បាក់​ឌុប​សាលា​ឯកជន​ទៅ​ថ្ងៃ​២៧​សីហា​ឆ្នាំ​២០២០

AKP ភ្នំពេញ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០–​ក្រសួង​អប់រំ យុវជន​និង​កីឡា បានសម្រេច​លើក​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧-១៨ ខែសីហា ឆ្នាំ​២០២០ ទៅ​ថ្ងៃទី​២៧-២៨​ខែសីហា​ឆ្នាំ​២០២០​វិញ​។​នេះ​បើ​យោងតាម​សេចក្ដីណែនាំ​បន្ថែម​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានបញ្ជាក់​បន្ថែម​ថា កាលពី​ថ្ងៃទី​១៤ កក្កដា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីណែនាំ​លិខិត​លេខ​៣៣ ស្តីពី​ការប្រឡង​បាក់​ឌុប​នៅតាម​គ្រឹះស្ថានសិក្សា​ឯកជន សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយសារតែ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្រសួង បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​ការប្រឡង​បាក់​ឌុប​តាម​គ្រឹះស្ថាន​រៀងៗ​ខ្លួន ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​តាម​ការចាំបាច់​។​
​ឯកឧត្តម​បាន បន្តថា សម្រាប់​ប្រឡង​បាក់​ឌុប​នៅ​គ្រឹះស្ថានសិក្សា​ឯកជន មាន​រយ​:​ពេល​២​ថ្ងៃ ក្រសួង​នឹង​ជម្រាបជូន​បច្ចុប្បន្នភាព នៃ​កាលបរិច្ឆេទ​សម័យ​ប្រឡង​នាពេល​ក្រោយ​ប៉ុន្តែ​ដោយសារតែ​ការកំណត់​កាលបរិច្ឆេទ ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ដោយ​កំណត់​យក​ថ្ងៃទី​១៧-១៨ ខែសីហា ឆ្នាំ​២០២០ ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់ ២១ ខែសីហា ឆ្នាំ​២០២០ សង​ថ្ងៃ​សម្រាក​ថ្ងៃ​ចូលឆ្នាំថ្មី​។​

​ឯកឧត្តម រស់ សុ​វាចា បាន​បញ្ជាក់ថា ដើម្បីឱ្យ​សាលា​ឯកជន​អាច​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ដោយ​ខ្លួនឯងបាន​នោះ​ត្រូវ​អនុវត្តន៍​ដូចជា​៖​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់​ពាក្យ ស្នើសុំ​រៀបចំ​ការប្រឡង​បាក់​ឌុប​មក​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយ​:​មន្ទីរអប់រំ យុវជន និង​កីឡា​ឱ្យបាន​មុន​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​ទទួលស្គាល់​។
​គ្រឹះស្ថានសិក្សា​ឯកជន​នីមួយៗ​ត្រូវ​រៀបចំ​មណ្ឌល​ប្រឡង និង​បញ្ជូនមក​ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​មន្ទីរអប់រំ យុវជន និង​កីឡា ដើម្បី​ពិនិត្យ និង​សម្រេច​ក្នុង​១​បន្ទប់​ប្រឡង​មាន​បេក្ខជន​ពី​១០​ទៅ​១៥​នាក់ ។​
​ដើម្បី​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​។​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​នឹង​ចុះ​ពិនិត្យ​ការប្រឡង​តាម​ការចាំបាច់ ដើម្បី​ធានា​គុណភាព​នៃ​ការប្រឡង​។​

​ជាមួយគ្នានេះ ឯកឧត្តម​បាន​បញ្ជាក់ថា ចំណែកឯ​ការប្រឡង​បាក់​ឌុប របស់​គ្រឹះស្ថានសិក្សា​សាធារណ​: (​សាលា​រដ្ឋ​) ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជម្រាបជូន​នាពេល​ក្រោយ​។ ចំពោះមុខ​នេះ សូម​សិស្សានុសិស្ស​ទាំងអស់​បន្ត​ការសិក្សា​ពី​ចម្ងាយ ដោយ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព តាម​ការ​ណែ​របស់​ក្រសួងសុខាភិបាល​៕ ប៊ុន​រិ​ទ្ធ​