ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអណ្តូងទឹកស្អាតចំនួន១៧កន្លែង 

AKP ក្រចេះ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការអណ្តូងទឹកស្អាត ប្រភេទអាហ្រ្វីដេសចំនួន១៧កន្លែង ជូនប្រជាពលរដ្ឋនៅក្នុង ស្រុកសំបូរ និងស្រុកព្រែកប្រសព្វកាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

អណ្តូងទឹកស្អាតទាំង១៧កន្លែង ដែលបានដាក់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុង ពេលនោះ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមាននៅក្នុងឃុំសណ្តាន់ ឃុំស្រែជិះ ស្រុកសំបូរ ចំនួន៧អណ្តូង និងនៅក្នុងឃុំជ្រោយបន្ទាយ ឃុំសោប និងឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វចំនួន ១០អណ្តូង ដែលអាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ៣៨០ គ្រួសារ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាក បាទក្រហមកម្ពុជាខេត្តក្រចេះបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលសម្តេចតែងសួរសុខ ទុក្ខនិងមានក្តីនឹករលឹក ការគិតគូរពីសុខុមាល ភាពនិងជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់បំផុត។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តក្រចេះបានសម្តែង នូវក្តីរីករាយជាមួយប្រជាពលរដ្ឋក្នុងឱកាស ដែលទទួលបានអណ្តូងទឹកស្អាតនោះដែរ។ ឯកឧត្ដមបញ្ជាក់ថា បងប្អូនត្រូវចាត់ទុកថាអណ្តូងទឹកនេះជារបស់យើងទាំងអស់គ្នា ដូច្នេះត្រូវ ចូលរួមថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតនោះដែរ ឯកឧត្តមអភិបាល ខេត្តក្រចេះក៏បានផ្តល់នូវសារុង ក្រមា ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមសរុបចំនួន ១៨០នាក់ផងដែរ៕ ដោយ៖ជួន សុជាតិ