កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ អាណត្តិទី៥ លើកទី១

AKP ភ្នំពេញ ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០២០–

លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ អាណត្តិទី៥ លើកទី១ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន របាយការណ៍ក្រុមប្រឹក្សាភិបាល ការកែទម្រង់ និងការរៀបចំក្រុមជំនួយការ និងលេខាធិការកត់ត្រា ក៏ដូចជាប្រមូលធាតុចូលបន្ថែម សំដៅឱ្យការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ជាពិសេសផ្ដល់សេវាសាធារណៈជូនអតិថិជនបានលឿន មានប្រសិទ្ធភាព និងតម្លាភាពខ្ពស់។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដែលជាក្បាលម៉ាស៊ីនមួយដ៏មានសារៈសំខាន់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពោលគឺសំណង់ទាំងឡាយដែលត្រូវសាងសង់ក្រោមសមត្ថកិច្ចរបស់ក្រសួងត្រូវឆ្លងកាត់ការពិសោធន៍ច្បាស់លាស់ពីមន្ទីរពិសោធន៍នេះ ដើម្បីធានាបានថា សំណង់មានគុណភាពស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ និងបានផ្ដល់ធាតុចូលដ៏មានតម្លៃក្នុងន័យជំរុញឱ្យមន្ទីរពិសោធន៍នេះមានដំណើរការកាន់តែរលូនថែមទៀត។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍សំណង់ និងសាធារណការ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ក្នុងរូបភាពជាការិយាល័យមួយ ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នមន្ទីរពិសោធន៍នេះបានអភិវឌ្ឍន៍ខ្លួនទៅជាមន្ទីរពិសោធន៍សាធារណៈ ដែលអាចផ្តល់សេវាពិសោធន៍គុណភាពសំណង់ និងសាធារណការដល់វិស័យសាធារណៈនិងវិស័យឯកជនផងដែរ៕

ដោយ ទេស ច័ន្ទសុធារី