ក្រសួងសាធារណការ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកណ្តាល

AKP កណ្តាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០–
នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេ ខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំស្តីច្បាប់ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ និង អាជ្ញាធរក្នុងក្រុងតាខ្មៅជាង ២០០នាក់។

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា មិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា សុវត្ថិភាពចរាចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាពសាធារណៈ ជាការងារចម្បងដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនខ្ពស់ និងកើនឡើងយ៉ាងខ្លាំងជាបញ្ហាចាំបាច់ចំពោះមុខ ដែលត្រូវតែរួមគ្នាដើម្បីដោះស្រាយ ពីព្រោះបញ្ហានេះមិនមែនជាភារកិច្ចផ្ដាច់មុខរបស់នរណាម្នាក់ឡើយ។

ក្នុងឱកាសនោះដែរ លោកជំទាវ មឹន មាណវី បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។

លោកជំទាវបានបញ្ជាក់បន្តថា ឆ្នាំ២០២០នេះ គឺរាជរដ្ឋាភិបាលបានកំណត់យកជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក ដើម្បីជាការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមា នូវកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើន​អ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដោយបានចាប់អនុត្តន៍ការរឹត​បន្តឹង​ការអនុវច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០តទៅ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាអនុវត្តន៍ច្បាប់ចរាចរណ៍នេះឱ្យមានប្រសិទ្ធភាពដើម្បីចៀសផុតពីការផាកពិន័យធ្ងន់ធ្ងរ។

លោកជំទាវរដ្ឋលេខាធិការ បានជំរុញឱ្យអ្នកចូលរួមទាំងអស់ លើកឡើងជាសួរទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយក៏បានលើកទឹកចិត្តដល់យុវជនឱ្យរៀនអំពីវិធីប្រើប្រាស់កម្មវិធីអប់រំច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូ​វគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ អាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រឡងសាកល្បងសមត្ថភាពរបស់ខ្លួនបានផងដែរ ។ ពីព្រោះកម្មវិធីនេះជាកម្មវិធីអេឡិចត្រូនិក ដែលអាចទាញយកបានពី app store និង play store អាចដំណើរការបានលើទូរស័ព្ទដៃស្មាតហ្វូន ទាំងប្រព័ន្ធ android និងប្រព័ន្ធ ios។ ក្នុងពិធីនេះក៏មានការចែកជូនមួកសុវត្ថិភាព សៀវភៅច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ ដល់អ្នកចូលរួមផងដែរ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)