លោក សាំ ពិសិដ្ឋ​៖ ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​តំបន់​ភ្លើងស្តុប​ក្តាន់​២ និង ពង្រីក​ផ្លូវ​សហព័ន្ធរុស្ស៊ី ខាងជើង​ផ្លូវ មុខ​គណៈរដ្ឋមន្ត្រី បាន​ឈានដល់​ទីបញ្ចប់​ហើយ​

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន បញ្ជាក់ថា គម្រោង​នៃ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ ប្តូរ​ទីតាំង​ភ្លើងស្តុប​នៅ​តំបន់​ក្តាន់​២ ការពង្រីក​ផ្លូវ សហព័ន្ធរុស្ស៊ី និង​ដាក់លូ​ទំហំ​១​ម៉ែត្រ ជាមួយនឹង​ការ​អ៊ុត​កៅស៊ូ នៅ​ខាងជើង​ផ្លូវ មុខ​គណៈរដ្ឋមន្ត្រី និង​រៀប​ការ៉ូឡា​លើ​ចិញ្ចើមផ្លូវ​បាន​ឈាន​មកដល់​ទីបញ្ចប់​ហើយ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​លោក​បាន​បញ្ជាក់ថា គម្រោង​នៃ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ចំណុច​តំបន់​ក្តាន់​២ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បីឱ្យ​ស្ថានភាព​ចរាចរណ៍​នៅ​តំបន់​នេះ មាន​ភាពប្រសើរ ជាង​មុន ខណៈ​តំបន់​នេះ​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។ ពាក់ព័ន្ធ​នឹង​ការកែសម្រួល ប្រព័ន្ធ​ចរាចរណ៍​នៅ​ចំណុច​តំបន់​ក្តាន់​២ និង​ការជីក​ដាក់លូ​តាម​បណ្តោយ​ខាង ជើង​ផ្លូវ សហព័ន្ធរុស្ស៊ី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ដោយ​ពង្រីក​កំណាត់ មហាវិថី សហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវ​ខាងជើង​ដោយ​ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ដល់​ផ្លូវកែង មហាវិថី​ស៊ី​ធី​សេន​ធ័​រ ចូល​ទីក្រុង​រណប​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ (​អតីត​តំបន់​អភិវឌ្ឍន៍​បឹងកក់​) នឹង​ដាក់លូ​ទំហំ​១​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញពី​ដង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី សហព័ន្ធរុស្ស៊ី​។ ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍ នៅត្រង់ចំណុច ប្រសព្វ​ក្តាន់​២ រវាង​វិថី​ស៊ី​ធី សេន​ធ័​រ (​ផ្លូវ R៦) និង​វិថី​សាធារណរដ្ឋ​ឆេ​ក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន កែសម្រួល​ផ្ទៃ​សួន ច្បារ​ក្តាន់​ពីរ​មួយផ្នែក​ទៅជា​រង្វង់​មូល​ក្តាន់​២ និង​ស្ថាបនា​ផ្លូវ​ជុំវិញ​រង្វង់​មូល ដោយ​រក្សា​រូប សំណាក​ក្តាន់​២​ឱ្យនៅ​ដដែល​។

​សូមបញ្ជាក់ថា ដើម្បី​លើក​សោភណភាព រាជធានី​ភ្នំពេញ​ឱ្យ កាន់តែ​មាន​ភាព ស្រស់ ស្អាត និង​មាន​សណ្ដាប់ធ្នាប់​ល្អ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាបនា​របង​ថ្ម នៅមុខ ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តា​យ​មហាវិថី​សហព័ន្ធរុស្ស៊ី​នេះ ប្រវែង​ជិត​១​គីឡូម៉ែត្រ ដោយ ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​រហូតដល់​ស្តុ​ប​វត្ត​នាគ​វ័ន​បន្ថែមទៀត​។
​មន្ដ្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហួត សុខ​លីម បាន​បញ្ជាក់ថា គម្រោង​នៃ​ការ រៀបចំ​សាងសង់​របង​ថ្ម នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទល់មុខ នឹង​ទីស្ដីការគណៈរដ្ឋមន្ត្រី នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើជា​ពីរ​ដំណាក់កាល ដោយ​តំណាក់កាល​ទី​១ ចាប់ ផ្ដើម​អនុវត្តន៍​ការដ្ឋាន​ចេញពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២) មាន ប្រវែង ៦៥០​ម៉ែត្រ​កម្ពស់​២​ម៉ែត្រ​។ តំណាក់​ការ​ទី​២ ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២) រហូតដល់​ទប់ វត្ត​នាគ​វ័ន​ដែលមាន​ប្រវែង​៤៣៧​ម៉ែត្រ​៕ ដោយ សួស សំរិត​