រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់ចេញអនុសាសន៍៤ចំណុច ដើម្បីបន្តអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍នាឱកាសឈប់សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

​ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ បូកសរុបការងារ អនុវត្តន៍វិធានសុវត្ថិភាពទេសចរ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តន៍ប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការ ចូលរួមពី អភិបាលរងទាំង២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និង ផ្នែកឯកជនជាច្រើនរូបផងដែរ។

​ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរចំពោះលទ្ធផលដែលក្រុមការ ងារទាំងអស់សម្រេចបានក្នុងរយៈពេលជាង១ខែកន្លងមក ដែលបានអនុវត្តន៍វិធានសុវត្ថិភាព ទេសចរណ៍ និងបានបញ្ជ្រាបការផ្សព្វផ្សាយអនុវត្តន៍ឱ្យដល់គ្រប់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំងអស់ ដែលជាការឱ្យតម្លៃខ្ពស់ចំពោះអ្វីដែលជាសុខភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋជាសំខាន់ស្របតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែល ឯកឧត្ដម តែងតែបានរម្លឹកដាស់តឿនថា កុំឱ្យយកជីវិតរបស់ប្រជាពលរដ្ឋទៅលេងសើចឱ្យសោះ។

​ជាមួយគ្នានោះឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់នូវអនុសាសន៍មួយ ចំនួនបន្ថែមទៀត សម្រាប់ការរៀបចំផែនការអនុវត្តបន្តឱ្យមានប្រសិទ្ធភាពមានដូចជា៖ ទី១. ណែនាំដល់នាយកដ្ឋានជំរុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជម្រុញការផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០១៥ សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍។ ទី២. ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង ២៥ ត្រូវអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់
កាលវិបត្តិជំងឺកូវីដ១៩ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីធានាបានសុខសុវត្ថិភាព និងការទទួលខុសត្រូវ និងដើម្បីត្រៀមទទួលការធ្វើដំណើរកម្សាន្តទេសចរណ៍ ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃឈប់ សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ។ ទី៣. ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅ រមណីយដ្ឋាន ទេសចរណ៍ទាំងអស់ចំពោះការអនុវត្តវិធានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះបញ្ហាសណ្តាប់ធ្នាប់ដូចដែលធ្លាប់បានអនុវត្តន៍កន្លងមក និងបន្ត ពង្រឹង គុណភាព សេវាកម្មទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ទី៤. ពង្រឹង ការអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលជាការចូលរួមក្នុងយន្តការ ថែរក្សាសុវត្ថិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការ ស្វែងរកអត្តសញ្ញាណ ភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការ
Quarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍។

​ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានក្រើនរម្លឹកដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ត្រូវបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តន៍នូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួង សុខាភិបាល និងក្រសួងទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ដែលធ្វើដំណើរ កម្សាន្តក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ ម៉ៅ ចរិយា