លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា  ព្រឹទ្ធសភា និងអធិការកិច្ច     បានស្វាគមន៍យ៉ាងកក់ក្ដៅ និង កោតសរសើរចំពោះ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវា អប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយ អភិវឌ្ឍន៍វិស័យអប់រំ ជាពិសេស ក្នុងវិស័យឯកជន និងបានចូលរួមចំណែកដល់រាជ រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលសិស្ស និស្សិតនៅកម្ពុជា។

ការកោតសរសើរបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឱ្យ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធ សេវាអប់រំនៅកម្ពុជា និងសហការីអញ្ជើញចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ជាការឆ្លើយតប លោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងនោះ ផងដែរ សម្រាប់សមាគមក៏រងនូវ ផលប៉ះពាល់មួយចំនួនធំពីបញ្ហាកូវីដ ១៩ ដែលពិភពលោកបាន និងកំពុងប្រឈមមុខយ៉ាង ខ្លាំងអំពីការឆ្លង រីករាលដាលនៃជំងឺនេះ។ តែទោះជាយ៉ាងណា សមាគមក៏បានគោរព តាមសារាចរ ណែនាំរបស់រដ្ឋាភិបាលក៏ដូចជារបស់ក្រសួងសុខាភិបាលនូវការរក្សាអនាម័យ និងគម្លាតសង្គម។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណដល់ចូលរួមចំណែករបស់ សមាគម និងបានស្នើឱ្យសមាគម  មេត្តាយោគយល់ និងជួយសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ និងទប់ស្កាត់ តាមរយៈអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលរួមមាន ការសម្អាតដៃ និងរក្សាគម្លាត ជាដើម។ សមាគមត្រូវតាមដាន និងអនុវត្តន៍នូវការជូនដំណឹង និងការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោផ្ទាល់ និងក្រសួងអប់រំ យុវជន និងកីឡា និងចូលរួមពង្រឹងគុណភាពអប់រំនៅកម្ពុជា ដើម្បីឱ្យសិស្ស និស្សិតពេលរៀនចប់ ពួកគាត់អាចរកការងារធ្វើបាន៕

ដោយ សួស សំរិត