តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ នៃខេត្ដរតនគិរី កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ

AKP រតនគិរី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

​តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ហើយតំបន់ធម្មជាតិមួយ នេះ ក៏កំពុងស្រូបយកចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ផងដែរ។

​លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានបញ្ជាក់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា តំបន់ធម្មជាតិមួយនេះបានដើរតួនាទីបម្រើឱ្យវិស័យទេសចរណ៍ចូលមក លេងកម្សាន្ដនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀម ប៉ាង គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២០ មានភ្ញៀវទេសចរចូលមកទស្សនា ចំនួន២៧ក្រុម មានមនុស្សសរុបចំនួន១០៧នាក់ ក្នុងនោះមានស្រ្តី៤១នាក់ (ភ្ញៀវជាតិចំនួន ៦៣នាក់)។ ដោយឡែកនៅតំបន់វាលធំ នៃឧទ្យានជាតិវីរ:ជ័យ មានអ្នកទេសចរជាក្រុម ចំនួន១០ក្រុម ចំនួនមនុស្ស៦៨នាក់ ។

​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្តែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើសពីនេះ នៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប, សត្វទោចយំជាច្រើន នៅជុំវិញកន្លែង បោះតង់ និងដំណើរកម្សាន្តនៃព្រៃធម្មជាតិនេះផងដែរ ៕

ដោយ សួស សំរិត