រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំឯកសារទស្សនាទានសម្រាប់ការ បង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពី “ការរៀ​ប​ចំ​ឯ​ក​​សារទស្សនាទានសម្រាប់ការបង្កើតសាជីវកម្មធានាឥណទាន (Credit Guarantee) នៅ​កម្ពុ​ជា” កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយ​មា​ន​​​កា​រចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ម​ន្ត្រី​ជំ​នា​ញ​​កា​រអន្តរជាតិ ផងដែរ ។
“គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាន” នេះ គឺជាយ​ន្តការឆ្លើយត​បប​ន្ទាន់​រ​ប​ស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រ​ងផ​លប៉ះពា​ល់លើ​វិ​ស័​យ​សំ​ខា​ន់​ៗ​នៃ​សេ​ដ្ឋ​កិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោ​យពីវិបត្តិ ។ “សាជីវកម្មធានាឥណទានកម្ពុជា” មានតួនាទី ផ្តល់សេវាធានាឥណទាន ដល់ក្រុ​ម​ហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិ​ជំ​ងឺ​កូ​វី​ដ​-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាននិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។
បន្ទាប់ពីពិភាក្សាអំពីគោលបំណង, ទម្រង់នៃការបង្កើត, បញ្ហាប្រឈមដែ​លរំពឹ​ងទុក​ក្នុ​ង​ដំ​ណើ​រការនៃ ការបង្កើត និងផែនការសកម្មភាពនៃការអនុវត្តគម្រោង, អង្គប្រជុំបានឯកភាព​ជាគោ​ល​ការណ៍លើឯកសារទស្សនាទាន សម្រាប់ការបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា ។ ជាកិ​ច្ចការបន្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមាន អគ្គនា​យកដ្ឋា​ន​ឧ​ស្សា​ហ​ក​ម្ម​ហិ​រ​ញ្ញ​វ​ត្ថុ ជាសេ​នាធិការ, នឹងបន្តនីតិវិធីរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ លិខិតបទដ្ឋានចាំបាច់ និងស​ហ​កា​រ​ជា​មួ​យ​ភាគីពាក់ព័ន្ធ ដើម្បីដាក់ឱ្យដំណើរការសាជីវកម្មធានាឥណទាននេះឱ្យបានឆាប់ ។
ទន្ទឹម​នេះ ដើម្បី ធានាថាសាជីវកម្មធានាឥណទានផ្តល់ការធានាឥណទានចំទិសដៅ ប្រក​ប​ដោ​យ​ប្រ​សិ​​ទ្ធភាព នៅក្នុ​ងដំណាក់កាលបន្ទាន់ នៃវិបត្តិជំងឺកូវីដ-១៩ នេះ, ក្រសួងសេដ្ឋកិច្ច និ​ង​ហិ​រញ្ញវត្ថុ ដោយមានអគ្គនាយកដ្ឋានគោលនយោបាយជាសេនាធិការ, នឹងរៀបចំ​គោល​ន​យោ​បា​យ​សម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ, ប្រភេទក្រុមហ៊ុន និងប្រភេទ អា​ជី​វ​កម្ម ជាដើម ដែលមា​នសក្តានុព​លទ​ទួ​លបានការធានាឥណទាន​ពីសាជីវ​កម្មធានា​ឥណ​ទា​ន​ក​ម្ពុ​ជា​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី​ជំនា​ញពាក់ព័ន្ធ ក៏ ដូចជាមន្រ្តីជំនាញការអន្តរជាតិ ដែលខិតខំរៀបចំ​ឯកសា​រទ​ស្ស​នាទាន​ស​ម្រា​ប់​ការបង្កើតសាជីវកម្មធានាឥណទាននេះ៕

ដោយ គង់​ សិរីរ័ត្ន