សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមាសរហូតដល់៣៦,៥តោន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

ក្នុងខណៈដែលមានជនអាក្រក់មួយចំនួនតូច បាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ-១៩នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានមាសរហូតទៅដល់៣៦,៥តោន។

នៅលើផេកផ្លូវការនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា មួយរយៈពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចង់ដឹង អំពីមាសដែលជាទុនបម្រុងរបស់ជាតិ។

សម្ដេចតេជោបន្តថា ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស ដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ-១៩ ព្រោះមិនដែល ឮលោក ហ៊ុន សែននិយាយពីមាសនេះទៀតទេ។

សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធានាគារជាតិនៃកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរ ជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។សម្ដេចតេជោបានលើកឡើងថា ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោនតែតាមតួរលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ។

បើយោងតាមសេចក្ដីបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា មានតួនាទីបោះពុម្ភផ្សាយរូបិយវត្ថុជាតិ ហើយត្រូវធានាតម្លៃរូបិយវត្ថុទាំងនេះ។ ដូច្នេះរាល់ការបោះពុម្ភផ្សាយ ត្រូវមានបដិភាគជាទ្រព្យដែលមានតម្លៃ។

ទ្រព្យទាំងនេះរួមមាន រូបិយប័ណ្ណបរទេសនិងមាស ដែលហៅថា«ទុនបម្រុងអន្តរជាតិ» ហើយត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាព។

បច្ចុប្បន្នទុនបម្រុងអន្តរជាតិរបស់កម្ពុជា គិតជាដុល្លារអាម៉េរិកមានចំនួន ១៩,៥ ប៊ីលាន គិតត្រឹមចុងខែមិថុនាឆ្នាំ២០២០។ ធនាគារជាតិនៃកម្ពុជាត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្នដើម្បីរក្សាសុវត្ថិភាពទុនបម្រុងទាំងនេះ។

ដូច្នេះធនាគារជាតិនៃកម្ពុជាវិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ ដូចជារូបិយប័ណ្ណខ្លាំងនិងមាស។បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦,៥តោន ដែលក្នុងនោះរួមមាន៖ មាសដែលជាកេរិ៍តត៍មរតក តាំងពីមុនសម័យសង្គ្រាម មានចំនួន ១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស មាសចំនួន ១៤,១ តោន កំពុងវិនិយោគនៅធនាគារកណ្ដាលអង់គ្លេស និងមាសចំនួន ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា មានកាតព្វកិច្ចរាយការណ៍ជាទៀងទាត់នូវរាល់តួរលេខនៃទុនបម្រុងអន្តរជាតិនេះ ដល់ស្ថាប័នមានសមត្ថកិច្ចជាតិនិងអន្តរជាតិ៕ ដោយ៖ជឹម ណារី