ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឈន៍ថា គ្រប់វត្តអារាមទាំង​អស់គួរតែគ្មានសំរាមដើម្បីជាគំរូល្អសម្រាប់ពុទ្ធបរិស័ទ

AKP សៀមរាប ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

ដើម្បីចូលរួមចំណែកធ្វើឱ្យគ្រប់វត្តអារាមទាំង​អស់នៅក្នុងខេត្តសៀមរាប​គ្មាន​សំរាម អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឈន៍ សហការជាមួយសាលាគណៈខេត្តសៀមរាបកាលពីរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបើកឱ្យមានសិក្ខាសាលាមួយស្តីពី វត្តអារាមនិងការគ្រប់គ្រងសំរាម ដើម្បីសោភណភាពឧទ្យានអង្គរ ដែលមានព្រះសង្ឈនិមន្តមកពីបណ្តាស្រុកទាំង ១២របស់ខេត្តសៀមរាប ចូលរួម។

នៅក្នុងសិក្ខាសាលានេះលោកបណ្ឌិត ហេង មណីចន្តា ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឈន៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសៀមរាប​ នៅតែមានការចោលសំរាមទៅក្នុងស្ទឹងសៀមរាប ដែលជាហេតុធ្វើឱ្យទឹកស្ទឹងមិនស្អាត និងមានជាតិពុល។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Ative Gree City បានឱ្យដឹងថា ជារៀងរាល់ថ្ងៃក្រុមហ៊ុននេះ បានចុះទៅប្រមូលសំរាមតាមមាត់ស្ទឹងបានប្រមាណ ២តោន ក្នុង១ថ្ងៃ។

នៅក្នុងបរិបទនេះអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឈន៍ បានសម្រេចបើកឱ្យសិក្ខាសាលានៅថ្ងៃនេះ ដើម្បីឱ្យព្រះសង្ឃយល់ពីបញ្ហាសំរាម និងរៀបចំឱ្យបានស្អាត និងគ្មានសំរាម ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។ ព្រោះថា ព្រះសង្ឃក្រៅពីរៀនសូត្រធម៌ និងទេសនាឱ្យប្រជាពលរដ្ឋបានដឹងពីបុណ្យបាប និងឱ្យធ្វើតែអំពើល្អហើយនោះ ព្រះសង្ឃក៏មានតួនាទីដ៏សំខាន់ផងដែរក្នុងការជួយផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឱ្យចេះរៀបចំបរិវេណផ្ទះឱ្យបានស្អាត តាមរយៈការទេសនានៅតាមកម្មវិធីបុណ្យផ្សេងៗ។
លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូក បានថ្លែងថា ការរៀបចំវត្តអារាមឱ្យបានស្អាតគ្មានសំរាមនេះ គឺក្រៅពីជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ វត្តទាំងនោះក៏បានក្លាយទៅជាវត្តទេសចរណ៍ផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំវត្តឱ្យស្អាតនេះ សម្រាប់វត្តណាដែលមិនទាន់មានបទពិសោធន៍គឺលោកអាចជួយផ្តល់បទពិសោធន៍បាន ហើយលោកនឹងនាំព្រះសង្ឃទាំងនោះទៅទស្សនកិច្ចកន្លែងដែលគេរៀបចំបានស្អាតដោយផ្ទាល់ ដោយលោកនឹងចំណាយថវិកាសម្រាប់ការធ្វើដំណើរទាំងទៅទាំងមក។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមាន​វត្តមួយចំនួនបានរៀបចំស្អាត និងបានក្លាយជាវត្តទេសចរណ៍ ជាបន្តបន្ទាប់ហើយដែរ ៕ ដោយ៖ឃុត សៅ