សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

១.ប្រេស៊ីល៖ វ៉ាក់សាំងការពារវីរុសកូវីដ១៩ដែលផលិតដោយប្រទេសចិនបានឈានដល់ដំណាក់កាលសាកល្បង ចុងក្រោយហើយកាលពីថ្ងៃអង្គារទី ២១ ខែកក្កដានៅក្នុងប្រទេសប្រេស៊ីល។អ្នកស្ម័គ្រចិត្តមួយចំនួន បានចូល មកទទួលវ៉ាក់សាំងនេះហើយក្រុមមន្រ្តីក៏សង្ឃឹមថានឹងទទួលបានលទ្ធផលល្អក្នុងការកំចាត់វីរុសកូវីដ១៩នេះដែរ។

២.អូស្រ្តាលី៖ នៅថ្ងៃពុធទី២២ ខែកក្កដានេះប្រជាជនក្នុងទីក្រុងមែលប៊នដែលជាទីក្រុងមានប្រជាជនច្រើនបំផុតទី ២នៅអូស្រ្តាលីត្រូវបានបញ្ជាឲ្យពាក់ម៉ាសនៅពេលចេញពីផ្ទះ ។ការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងរដ្ឋវិចតូរីយ៉ា និងញីវសោតវេលនឹងត្រូវបានអនុញ្ញាតសម្រាប់តែការងារការសិក្សាឬផ្នែកសុខភាពប៉ុណ្ណោះបន្ទាប់ពីព្រំដែនត្រូវបានបិទកាលពីដើមខែកក្កដានេះ ។

៣.អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញឆន្ទៈដើម្បីធ្វើការជាមួយប្រទេសចិនឬប្រទេស ដទៃទៀតក្នុងការនាំយកវ៉ាក់សាំងការពារវីរុសកូវីដ១៩ដែលជោគជ័យមកប្រទេសអាមេរិក ។នៅពេលដែលត្រូវ បានគេសួរថាតើរដ្ឋការរបស់លោកត្រាំនឹងសហការជាមួយប្រទេសចិនលើវ៉ាក់សាំងសម្រាប់ជនជាតិអាមេរិកដែរឬទេលោកត្រាំក៏បានឆ្លើយថាអាមេរិកមានឆន្ទៈនឹងធ្វើការជាមួយប្រទេសណាមួយដែលនឹងទទួលបានលទ្ធផលល្អក្នុងការធ្វើតេស្ត។

៤.បង់ក្លាដែស៖ ក្រុមមន្ត្រីបង់ក្លាដែសបានព្រមានកាលពីថ្ងៃអង្គារទី ២១ខែកក្កដាថាទឹកជំនន់ដែលបណ្តាល ឱ្យមានមនុស្សស្លាប់នេះនឹងបន្តកើតមាននៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេល ១០ ថ្ងៃខាងមុខទៀត ។ប្រទេសបង់ក្លាដែសជាប្រទេសងាយរងគ្រោះដោយទឹកជំនន់ហើយស្ទើរតែមួយភាគបីនៃប្រទេសកំពុងជន់លិច។អាជ្ញាធរបានព្រមានពីគ្រោះមហន្តរាយនេះថាជាមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

អត្ថបទ ឆាយ វីកាល