រដ្ឋបាលខេត្ត​កែប រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប​

AKP កែប ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០
​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត បានរៀបចំ​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប ដើម្បី​ពិនិត្យ គាំទ្រ​ការ អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្តន៍​បន្ត ក្រោម​អធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជ រដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កែប និង​ឯកឧត្តម លូ​យ សុផាត ប្រធាន​គណៈកម្មាធិការ​ទី​៣ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ដោយ ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង លោក លោកស្រី ជា​សមាជិក​សមាជិកា​ក្រុមការងារ​ទាំងអស់​សរុប​ប្រមាណ ១៨៩ រូប​។
​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​បាន​លើកឡើងថា តាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ បានសម្រេច​បញ្ចេញ​សាច់ប្រាក់​ដើម្បី ជួយឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន ដែល​បាត់បង់​ចំណូល​ក្នុងអំឡុង​កូ​វីដ​១៩ កើតឡើង ទាំងនេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​អំពី សុខទុក្ខ​របស់​បងប្អូន​មិន​ទុកចោល ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ចំពោះ​ទិន្នន័យ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នេះ ត្រូវតែ​អនុវត្តន៍​ជាដាច់ខាត​តាម​បច្ចេកទេស​របស់ ក្រសួងផែនការ​ដែល​បានកំណត់ មិនត្រូវ​បន្លំ ឬ​បក្សពួកនិយម​ឡើយ​។

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​មេឃុំ​ចៅសង្កាត់​ទាំង​ប្រាំ អភិបាលក្រុង ស្រុក និង​របាយការណ៍​សង្ខេប​របស់​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រួចមក ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជ រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការគ្នា ទប់ស្កាត់​បទល្មើស​ផ្សេងៗ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ រក្សាសុខ​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ត្រូវ​ចុះ​ឱ្យ ដល់​មូលដ្ឋាន​សិក្សា​ឈ្វេងយល់ ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការរៀបចំ ឱ្យមាន​វេទិកាសាធារណៈ និង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ឱ្យបាន​ញឹកញាប់​។​

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ត្រូវយក​ចិត្ត​ទុក ដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស ពិសេស​គឺ​ការផ្តល់ សេវាសាធារណៈ​ជូន​ពលរដ្ឋ​ឱ្យបាន​ល្អ ស្របតាម​អភិក្រម ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​ធ្វើឱ្យ មាន​ប្រសិទ្ធភាព សំដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ទុកចិត្ត ជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​៕ ដោយ ប្រាក់ លាង​