យុវជន U19 កម្ពុជា បន្តប្រមូលផ្តុំហ្វឹកហាត់សប្តាហ៍ទី២ ដើម្បីត្រៀម AFC U-19 Championship 2020

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

ក្រុមយុវជនអាយុក្រោម១៩ឆ្នាំចំនួន៣៨នាក់មកពីបណ្តាក្លឹបនានាត្រូវបានប្រមូលផ្តុំហ្វឹកហាត់សប្តាហ៍ទី២ កាលពីថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ ដើម្បីជ្រើសរើសចូលរួមក្រុមជម្រើសជាតិ កម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រៀមការប្រកួត AFC U-19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) នាខែតុលា ឆ្នាំ២០២០។

មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)បានបញ្ជាក់ថា ការធ្វើតេស្តត្រូវបានធ្វើឡើងរៀងរាល់ថ្ងៃ​អង្គារ ក្រោមការត្រួតពិនិត្យ និងជ្រើសរើសពីគ្រូបង្គោលជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុន លោកKoji Gyotoku ដើម្បីសម្រិតសម្រាំងកីឡាករជម្រើសជាតិក្នុងបញ្ជីចុងក្រោយចំនួន ២៣នាក់ នាពេលខាងមុខ។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អលំដាប់ទី៥ ក្រោយប្រកួត​នៅ​វគ្គជម្រុះឈ្នះ៣ប្រកួត និងចាញ់១ប្រកួត នៅក្នុងពូល G កន្លងទៅ។ យោងតាមគេហទំព័រផ្លូវការ AFC បានឱ្យដឹងថា ក្រុមU19កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយ៣ក្រុមផ្សេងទៀត គឺម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ឥណ្ឌូណេ​ស៊ី និង U19 អ៊ីរ៉ង់ ដោយក្រុមU19កម្ពុជានឹងត្រូវជួបប្រកួតជាមួយក្រុមU19 ឥណ្ឌូណេស៊ីមុនគេ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ នេះជាវគ្គចែកពូលចុងក្រោយ ដែលមាន៤ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា មាន១៦ក្រុម។ ២ក្រុមខ្លាំងៗនៃពូលទាំងទាំង៤នឹងត្រូវឡើងទៅប្រកួតជម្រុះខ្វែងពូល ដើម្បីឡើងទៅបន្តនៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដោយការប្រកួតវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រគ្រោងនឹងចាប់​ផ្តើម​ពី​ថ្ងៃទី១៤ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដែលប្រទេស អ៊ូបេគីស្ថាន ជាម្ចាស់ផ្ទះ។

លោក Koji Gyotoku គ្រូបង្គោលកម្ពុជាត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើក​ឡើងនូវសម្រង់​សម្តី​កាលពីសប្តាហ៍មុនថា “អំឡុងពេលហ្វឹកហាត់នេះ កីឡាករដែលមានឈ្មោះមិនប្រាកដថានឹងមានឈ្មោះ​រហូត​ដល់បញ្ជីចុងក្រោយនោះទេ យើងនឹងមើលលើការហ្វឹកហាត់ និងពេលពួកគេ លេងក្នុងការប្រកួតលីគ​កម្ពុជា។ ដូច្នេះពួកគេអាចនឹងត្រូវជំនួសដោយកីឡាករផ្សេងទៀតដែលមិនមានឈ្មោះក្នុង​បញ្ជីហ្វឹកហាត់​នេះ។ ពួកយើងក៏បានសម្លឹងមើលកីឡាករ ដែលមានសញ្ជាតិខ្មែរកាត់បរទេសដែរ សម្រាប់មកចូល​រួមជា​មួយ​ក្រុម បើសិនជាពួកគេមានគុណពល្អ យើងនឹងជ្រើសរើសមកចូលរួមជាមួយក្រុម។”

លោកបានបន្ថែមថា ពួកយើងព្យាយាមត្រៀមហ្វឹកហាត់ សម្រាប់ចូលរួមលេងក្នុងពានរង្វាន់ AFF នឹង AFC ក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែដោយសារបញ្ហា COVID-19 ដែលជំរុញឱ្យកម្មវិធីប្រកួតអាចនឹងត្រូវពន្យារពេល ដូច្នេះអ្វីៗគឺមិនទាន់មានភាពច្បាស់លាស់នោះទេ ប៉ុន្តែយើងនៅតែត្រៀមខ្លួនឱ្យបានល្អ៕

ដោយ ហេង ណាលីន