បាល់ទាត់កម្ពុជាមានពីរកៅអី ក្នុង AFC CUP ចាប់ពីឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)ប្រកាសថា បាល់ទាត់កម្ពុជានឹងមាន២កៅអី សម្រាប់ការប្រកួតប្រជែង ក្នុងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC CUPចាប់ពីរដូវ កាល២០២១តទៅ ខុសពីពេលកន្លងទៅ ដែលកម្ពុជាមានត្រឹមកន្លះកៅអី ដោយត្រូវឆ្លងកាត់វគ្គ Play-Off ជា មុន មុនចូលដល់វគ្គចែកពូលសន្សំពិន្ទុ។

ក្នុងលិខិតផ្លូវការរបស់ CNCC ផ្ញើជូនបណ្តាក្លឹបបាល់ទាត់នានា ដែលចុះហត្ថលេខាដោយ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ពីរកៅអីរបស់កម្ពុជា គឺមួយកៅអីត្រូវចូលទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ ដែលបានទៅលើក្លបណាមួយឈ្នះជើងឯកលីគកំពូលកម្ពុជានិងមួយកៅអីទៀតសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តែត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន។ ក្នុងលិខិតបានបន្ដថា ដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ត្រូវបំពេញបានលក្ខខណ្ឌអាជ្ញាបណ្ណក្លបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។ ក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឱ្យក្រុមស្ថិតនៅចន្លោះលេខ​២ដល់លេខ៦នៃក្របខណ្ឌលីគ។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំងលីគនិងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីគកំពូល។

លេខាធិការប្រតិបត្តិ CNCC រូបនេះបានឱ្យដឹងទៀតថា សម្រាប់ចំណាត់ថ្នាក់ក្លឹបបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣១ ក្នុងចំណោមសមាជិក AFC ទាំង៤៦ និងឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតំបន់អាស៊ាន ដូច្នេះតាមចំណាត់ថ្នាក់នេះ ក្លឹបបាល់ទាត់នៅកម្ពុជាមានសិទ្ធិទទួលបានពីរកៅអី សម្រាប់ការចូលរួមប្រកួតប្រជែង ពានរង្វាន់ AFC Cup ឆ្នាំ២០២១ ដោយក្រុមជើងឯកលីគកំពូល រដូវកាល ២០២០នេះនឹងត្រូវចូលទៅប្រកួត នៅវគ្គចែកពូល (Group Stage)រីឯកៅអីទី២ ត្រូវបានទៅក្លឹបជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២០ ប៉ុន្តែត្រូវឆ្លងកាត់វគ្គជម្រុះ (Play Off) មុនឈានដល់វគ្គចែកពូល។

សូមបញ្ជាក់ថា បច្ចប្បន្ន ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២០ ទើបនឹងបញ្ចប់ការប្រកួតបានត្រឹមសប្តាហ៍ទី៨ប៉ុណ្ណោះ ដោយនៅសល់៤សប្តាហ៍ទៀត ដើម្បីបញ្ចប់ការប្រកួតជើងទី១ ហើយក្រុមលើកំពូលតារាងចំនួន៦នឹងត្រូវបន្តការប្រកួតប្រជែងម្ចាស់ជើងឯក ខណៈការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០នេះ កំពុងស្ថិតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្នាក់ខេត្តនៅឡើយ ដូច្នេះក្រុមជើងឯកនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ថ្នាក់ជាតិទាំងពីរក្របខ័ណ្ឌនេះ នៅសល់ច្រើនប្រកួតជាបន្តទៀត។

សូមរម្លឹកថា ក្រុមជើងឯកលីគកំពូលកម្ពុជា កាលពីរដូវកាល ២០១៩ កន្លងទៅ បានទៅក្រុមព្រះខ័នរាជស្វាយរៀង ខណៈពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលពីរដូវកាល ២០១៩ បានទៅលើក្រុមបឹងកេត៕

ដោយ ហេង ណាលីន