រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពី បច្ចុប្បន្នភាពផែនទីសេវា សង្គមរបស់ភូមិ ឃុំ សង្កាត់

AKP កណ្តាល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០–

រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីបច្ចប្បន្ន ភាព ផែនទីសេវាសង្គមរបស់ភូមិ ឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

លោកជំទាវ ហ៊ុន កុសនី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីបច្ចប្បន្នភាពផែនទីសេវាសង្គមរបស់ភូមិ ឃុំ សង្កាត់ នេះគឺផ្តោតសំខាន់ទៅលើបញ្ហាសុខភាពមាតា ទារក និងអាហារូបត្ថម្ភ បញ្ហាទឹកស្អាត និងអនាម័យ បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានបន្តថា កិច្ចប្រជុំនេះ គឺដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសេវាសង្គម ដែលប្រើប្រាស់ថវិកាមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២០។

ជាមួយនេះ កិច្ចប្រជុំក៏បានធ្វើការពិនិត្យលើការរៀបចំនៃការកំណត់បញ្ហាតាមរយៈការគូសផែនទីសេវាសង្គមភូមិ ដើម្បីធ្វើការវិភាគ និងការចាត់អាទិភាពនៃបញ្ហាដាក់បញ្ចូលទៅក្នុងផែការកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣។ លោកជំទាវអភិបាលរងខេត្ត ក៏បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ ចំពោះការគូសផែនទីសេវាសង្គមនៅតាម ភូមិ ឃុំ សង្កាត់នីមួយៗ ចៀសវាងការធ្វើឱ្យបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសគ្រួសារ ក្រីក្រ និងងាយរងគ្រោះ និងត្រូវផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីកាលបរិច្ឆេទនៃការប្រជុំគូសផែនទីភូមិ ។

លោកជំទាវបានបន្ថែមថា អាជ្ញាធរពាក់ព័ន្ធត្រូវសហការនិងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនទីសេវាសង្គមភូមិ។

ទន្ទឹមនេះ ត្រូវតាមដាននិងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព និងធ្វើបច្ចុប្បន្ន ភាពឱ្យបានច្បាស់លាស់ អំពីផែនទីសេវាសង្គមភូមិ ឃុំ សង្កាត់៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)