សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​អំពាវនាវ​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​កូ​វីដ​-១៩​ក្រោយ​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន​២៦​នាក់​បន្ថែមទៀត​នៅ​កម្ពុជា​

AKP តាកែវ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​សារជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​វិជ្ជមាន​ថ្មី​ចំនួន​២៦​នាក់​បន្ថែមទៀត​នៅ​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០២០ ដោយ​សម្ដេច​នៅតែ​រម្លឹក​ប្រជាពលរដ្ឋ​ឱ្យ​ការពារ​ខ្លួន​នឹង​ជំងឺ​រាតត្បាត​នេះ ដូចជា​ពាក់​ម៉ាស់​និង​ដាក់​ជែ​ល​លាងដៃ​តាម​ខ្លួន​ជាដើម​នោះ​។​

​ការអំពាវនាវ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នេះ ក្នុងខណៈ​អញ្ជើញ​ទៅ​ពិនិត្យមើល​ការបង្ហាញ​ទំនើបកម្ម ផលិតកម្ម​ដំណាំ​ស្រូវ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ភូមិ​សេដ្ឋី និង​ភូមិ​ពន្ធ​ទង ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០២០​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា កូ​វីដ​-១៩ អាច​បំផ្លាញ​ដល់​កម្រិត​ណាមួយ តែ​មិនអាច​សម្លាប់​សេដ្ឋកិច្ចកម្ពុជា​បានឡើយ ព្រោះ​កម្ពុជា ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម ខណៈ​បណ្ដា​ប្រទេស​នានា​អាច​ផ្អាក​ទិញ​សម្លៀកបំពាក់ ទំនិញ​ផ្សេងៗ​និង​ដំណើរ​កម្សាន្ត តែ​មិនអាច​បញ្ឈប់​ការបញ្ជាទិញ​ស្បៀងអាហារ​ឡើយ​។ សម្ដេច​តេ​ជោ​បាន​លើកឡើងថា ”​កូ​វីដ​អាច​បំផ្លាញ​យើង​ក្នុង​កម្រិត​ណាមួយ តែ​មិនអាច​សម្លាប់​យើង​បានទេ មូលហេតុ​អី​បាន​ខ្ញុំ​ធានាថា​មិនអាច​សម្លាប់​យើង​បាន នោះ​គឺ​ធ្វើ​យ៉ាងម៉េច​កុំឱ្យ​ខ្មែរ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង​។ អីចឹង​បានជា​វិស័យ​កសិកម្ម​ឥឡូវនេះ មិនមែន​ត្រឹមតែ​ជា​សក្តានុពល តែ​វា​ក៏​ជា​ឱកាស​ព្រម​គ្នា ព្រោះ​អី​នៅលើ​ពិភពលោក​គេ​អាច​កាត់បន្ថយ​ការ​ជិះ​យន្តហោះ ដែល​យន្តហោះ​កន្លងមក​ធ្លាប់តែ​មួយថ្ងៃៗ ៤០០​ជើង ទៅ​៥០០​ជើង​។ ចុះ​ស្រុក​ខ្មែរ ឥឡូវ​ក្នុង​១​ថ្ងៃ​ចុះ​ប្រហែល​តែ​១០​ជើង​ប៉ុណ្ណឹង​ទេ​”​។ សម្ដេច​តេ​ជោ​ថ្លែង​សង្កត់ធ្ងន់ថា បណ្ដា​ប្រទេស​មួយចំនួន​នៅលើ​សកលលោក អាច​ផ្អាក​ធ្វើដំណើរ​កម្សាន្ត​នានា​មកកាន់​កម្ពុជា និង​ផ្អាក​ទិញ​ទំនិញ​មួយចំនួន​របស់​កម្ពុជា​បាន តែ​គេ​មិនអាច​ផ្អាក​ទិញ​ស្បៀង​ពី​កម្ពុជា បានឡើយ​។ សម្ដេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ដូច្នេះ​ប្រទេស​ដែល​បាន​ផលិត​ស្បៀង​ដូចជា​កម្ពុជា​ជាដើម ជា​ប្រទេស​ដែល​ត្រូវប៉ាន់ ដែល​បណ្ដា​ប្រទេស​នៅលើ​ពិភពលោក​ត្រូវ​ការបញ្ជាទិញ​។
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា កម្ពុជា​នឹង​ប្រែក្លាយ​វិបត្តិ​កូ​វីដ​-១៩​នេះ ឱ្យទៅជា​ឱកាស​សម្រាប់​វិស័យ​កសិកម្ម ក្នុងការ​ពង្រីក​ទីផ្សារ​នាំចេញ ប្រភេទ​ស្បៀង​នានា ដែល​កម្ពុជា​សម្រេចបាន ទៅកាន់​បណ្ដា​ប្រទេស​នានា នៅលើ​សកលលោក​ផងដែរ​។​

​បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់​ក្រសួងសុខាភិបាល​ថា គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ អ្នកមាន​វីរុស​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ទាំងអស់​នៅ​ទូទាំងប្រទេស សរុប​មាន​ចំនួន ១៩៧​នាក់ (​ស្ត្រី​៤៣​នាក់ និង​បុរស​១៥៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន​១៤០​នាក់ (​ស្រី​៣៩​នាក់ និង​បុរស​១០១​នាក់​) ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៥៥​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន​៧​នាក់ (​ស្ត្រី ០១​នាក់ និង​បុរស ០៦ នាក់​) នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ សរុប​ចំនួន​៤៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់ ដោយឡែក​ក្នុង​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា ជា​ស្ត្រី​ជនជាតិ​អាម៉េរិក​កាំ​ង​០២​នាក់​៕​ដោយ ជឹម ណា​រី​