មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោគ​

AKP កំពត ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០
​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត កំពត​បាន​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោគ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក អ៊ឹង ឆាយ អភិបាលរង​កំពត នៅក្នុង​ទី​បរិវេណ​មន្ទីរ សាធារណការ​ខេត្តកំពត​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី លោកស្រី ប្រតិភូ​អមដំណើរ លោក លោកស្រី​សមាជិក ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក​ស្នងការរង លោក​អភិបាលក្រុង​កំពត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជា​១៦០​នាក់​។ លោក អ៊ឹង ឆាយ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​ទូទៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជ្រក​ក្រោម​ម្លប់​សន្តិភាព ទើប​ធ្វើឱ្យមាន​ការរីកចម្រើន​ឥតឈប់ឈរ ទាំង​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ ប្រជាពលរដ្ឋ​រស់នៅ​ដោយ សុខក្សេមក្សាន្ត និង​ជីវភាព​ល្អប្រសើរ ធ្វើឱ្យមាន​កំណើន មធ្យោបាយ​យានយន្ត​កើន ឡើង​យ៉ាងគំហុក​នា​ប៉ុន្នា​ន​ឆ្នាំ​កន្លងទៅនេះ​។

​ដោយឡែក​ខេត្តកំពត​ក៏មាន​កំណើន​យានយន្ត​គ្រប់​ប្រភេទ​ផងដែរ ទន្ទឹមនឹងនេះ​បញ្ហា គ្រោះថ្នាក់​ចរាចរណ៍​ក៏​ស្ថិតក្នុង​កំណើន​គួរឱ្យ​ព្រួយបារម្ភ ដោយឡែក​ទីតាំង​ភូមិសាស្ត្រ​ក្នុង ខេត្តកំពត​បានកើត​ឡើង​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨២​ករណី ក្នុង​រយៈពេល​៦​ខែ កន្លងមកនេះ​។ ​ជាការ​ពិត​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​បាត់​បង់ជីវិត ការរង​របួស និង​ការ បាត់បង់​ទ្រព្យសម្បត្តិ​មាន​ចំនួន​ច្រើន​កន្លងទៅនេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វា​ក៏បាន បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ទុរគតជន ដែល​បណ្តាលឱ្យ បាត់បង់ ធនធានមនុស្ស ដែល​ជះឥទ្ធិពល​ផងដែរ ដល់​គោលនយោបាយ​កាត់បន្ថយ​ភាព ក្រីក្រ របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​លើ​គ្រប់​វិស័យ​៕​ដោយ ប្រាក់ លាង​