រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លេ​ី​កឡេ​ី​ង​ថា កិច្ចប្រជុំ​ស្ដីអំពី​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នេះ​ធ្វើឡើង​តាម​សំណើ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ សម្ដេច​ក្រឡាហោម បាន​បន្ត ថាបើ​ប្រៀបធៀប​នឹង​សម័យកាល​មុនៗ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា គឺ​ទើបតែ​សម័យកាល​បច្ចុប្បន្ននេះ​ទេ ដែល​កម្ពុជា​យើង​អាច​គ្រប់គ្រង​បញ្ហា​ជនបរទេស បញ្ហា​ជនអន្តោប្រវេសន៍ បានល្អ​ប្រសើរ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានសម្រេច​បង្កើតឱ្យមាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ និង​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចេញប្រកាស​ទទួលស្គាល់​ជនបរទេស​អន្តោប្រវេសន៍ និង​ការចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​អន្តោប្រវេសន៍ និង​អំពី​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​(FPCS)​។ ចំពោះ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ FPCS ឯកឧត្តម​បាន​លេ​ី​កឡេ​ី​ង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​សិក្សា​ស្រាវជ្រាវ​តាំងតែ​ពី​ដើមឆ្នាំ​២០១៩​ក្នុងពេលដែល​សម្ដេច​ក្រ​ឡា​ហោម​បាន​បង្កើត​គណៈកម្មការ​មួយ​ចុះទៅ​គាំទ្រ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប៉ុន្តែ​ចាប់ពីពេលនោះ​មក​ការងារ​នេះ​មិនទាន់​ទទួលបាន​លទ្ធផល ដោយសារ​តម្រូវឱ្យមាន​ការ​វាយ​ទិន្នន័យ​ម្ដង​មួយៗ នាំឱ្យមាន​ការលំបាក​ច្រើន ។​

​ឯកឧត្តម​បាន​បន្តថា អគ្គនាយកដ្ឋាន​ក៏បាន​សិក្សា​បន្ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល ។ ឯកឧត្តម​បាន​បន្ថែមថា រហូតដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៩​មក ក្រុមការងារ​បច្ចេកទេស​បានចាប់ផ្ដើម​ប្ដូរ​ពី​ការរៀបចំ​ប្រព័ន្ធ​ដែល​ប្រើប្រាស់​កុំព្យូទ័រ​មកជា​ប្រព័ន្ធ​APP ហៅថា​FPCS ដែល​អាច​ប្រើប្រាស់​តាម​ទូរស័ព្ទ អាយ​ផេ​ត ឬ​កុំព្យូទ័រ ដោយ​មិនចាំបាច់​វាយ​ទិន្នន័យ​ម្ដង​១​ដូច​មុន​ទៀត​ទេ គឺ​គ្រាន់តែ​យក​ទូរស័ព្ទ​ស្កេ​ន​លើ​លិខិតឆ្លងដែន​យើង​អាច​ទាញយក​ទិន្នន័យ​បាន​យ៉ាង​រហ័ស ។​

​ឯកឧត្តម​បន្តថា អគ្គនាយកដ្ឋាន​ក៏បាន​ចុះ​បង្រៀន​មន្ត្រី​អន្តោប្រវេសន៍​នៅ​គ្រប់​ស្នងការដ្ឋាន​នគរបាល គ្រប់​អធិការដ្ឋាន និង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​រាជធានី​ខេត្ត​ឱ្យ​ចេះ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​នេះ​ជា​បណ្ដើរៗ​ហើយ ។ ឯកឧត្តម​បាន​បន្ថែមទៀតថា​សម្រាប់​ការបណ្ដុះបណ្ដាល​នេះ បាន​ផ្ដោតលើ​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ដែល​ពួកគាត់​អាចមាន​លទ្ធភាព​ចុះទៅ​ពន្យល់​ម្ចាស់​ទីតាំង និង​ជនបរទេស​ក្នុង​មូលដ្ឋាន​ពី​ការ​តម្រូវឱ្យ​ចុះបញ្ជី​វត្តមាន​នៅលើ​ប្រព័ន្ធ​នេះ និង​របៀប​ប្រើប្រាស់​ប្រព័ន្ធ​នេះ​៕​ដោយ ចាន់ សុធី​វង្ស​