ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គូសបញ្ជាក់ថា គោលនយោបាយ​នាំ​អង្ករ​ចេញ​១​លាន តោន ក្នុង​មួយឆ្នាំ នឹង​សម្រេចបាន​ក្នុង​រង្វង់​ឆ្នាំ​២០២១ ឬ ២០២២

AKP តាកែវ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា ទោះបី​គោលនយោបាយ​នាំ​អង្ករ​ចេញ​១​លាន​តោន ក្នុង​១​ឆ្នាំ មិនទាន់ សម្រេច​តាម​ការគ្រោងទុក​យ៉ាងណាក៏ដោយ ប៉ុន្តែ​ដោយ​សន្ទុះ​នៃ​ការនាំចេញ​ថ្មីៗ សម្រេចបាន​រហូតដល់​ជាង​៤​សែន​តោន​ហើយ ដោយ​សម្តេច​តេ​ជោ​បាន​អះអាងថា តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២១ ឬ ២០២២ កម្ពុជា​នឹង​សម្រេចការ​នាំចេញ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​តាម​ផែនការ​កំណត់​។​

​ក្នុងខណៈ​អញ្ជើញ​ទៅ​ពិនិត្យមើល​ការបង្ហាញ​ទំនើបកម្ម ផលិតកម្ម​ដំណាំ​ស្រូវ និង ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ភូមិ​សេដ្ឋី និង​ភូមិ​ពន្ធ​ទង ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា ទោះបីជា​ពេលកន្លងមក​កម្ពុជា មិនទាន់​សម្រេចបាន ប៉ុន្តែ​ការនាំចេញ​អង្ករ​ឱ្យបាន ១​លាន​តោន ក្នុង​មួយឆ្នាំ ទៅកាន់​ទីផ្សារ​អន្តរជាតិ នៅតែ​ជា​គោលដៅ​អាទិភាព របស់​កម្ពុជា​ដដែល ខណៈ​កម្ពុជា​សល់​ស្រូវ​៦​លាន​តោន បើ​គិត​ជា​អង្ករ ស្មើ​ប្រមាណ​ជា​៤​លាន​តោន​កាលពី​ឆ្នាំ​២០១៩​។

​សម្ដេច​តេ​ជោ​បាន​ថ្លែង​រម្លឹកថា នៅពេល​ដាក់ចេញ​គោលនយោបាយ​កសិកម្ម​ផលិត​ស្រូវ និង​ការនាំចេញ​អង្ករ​របស់​កម្ពុជា​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន កម្ពុ​ជាមាន​ស្រូវ​តិចតួច​ណាស់​។ ពេលនោះ​ឥណ្ឌា បានផ្ដល់​អង្ក​រម​កក​ម្ពុ​ជាជាង​២​ម៉ឺន​តោន កាលពី​ឆ្នាំ​២០០២ ខណៈ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ស្រប​ពេលដែល​កម្ពុជា​ជួប​គ្រោះរាំងស្ងួត បន្ទាប់មក​កម្ពុជា​ក៏បាន​ជួប​គ្រោះទឹកជំនន់​ឆ្នាំ​២០០១ និង​គ្រោះរាំងស្ងួត ឆ្នាំ​២០០២​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា នៅ​ចុងឆ្នាំ​២០១៩ កម្ពុជា​សល់​ស្រូវ​៦​លាន​តោន បើ​គិត​ជា​អង្ករ​វិញ ប្រមាណ​ជា​៤​លាន​តោន​។ សម្ដេច​តេ​ជោ​បាន​បន្ដថា កម្ពុជា​ជា​ប្រទេស​តូច​មួយ ដែលមាន​កសិកម្ម​មិនទាន់​លូតលាស់ ប៉ុន្ដែ​កម្ពុជា​សល់​រហូត​ស្រូវ​ជាង​៦​លាន និង​អង្ករ​ជាង​៤​លាន​តោន ហើយ​នេះ​ជា​ទំហំ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា​។ ជាងនេះទៅទៀត សម្ដេច​តេ​ជោ​បាន​ថ្លែងថា “​ទាំងនេះ​អាច​និយាយបានថា ជា​កញ្ចប់​នាំចេញ ផលិតកម្ម​ស្រូវ និង​ការនាំ​អង្ករ​របស់​កម្ពុជា​។ យើង​ជោគជ័យ​បានតែ​មួយ​ទេ យើង​បង្កើន​ផលិតផល ខ្វះខាត ទៅជា​ការ​សល់​ស្រូវ​ជាង​៦​លាន​តោន​។ ប៉ុន្ដែ​គោលដៅ​នៃ​ការនាំចេញ​១​លាន តោន​មិនទាន់​បានសម្រេច​ទេ យើង​នាំចេញ​បាន​តិច​ណាស់ គឺ​មានតែ​ឆ្នាំនេះ​ទេ​(​ឆ្នាំ​២០២០) យើង​នាំចេញ​បាន​ច្រើន ក្នុង​រយៈពេល​៦​ខែ ជាង​៤០​ម៉ឺន​តោន​”​។ សម្ដេច​តេ​ជោ​បាន​ថ្លែងបន្ដថា តាម​ការព្យាករណ៍​ទុក គឺ​យើង​អាចឈាន​នាំចេញ​អង្ករ​របស់​យើង បាន​១​លាន​តោន ក្នុង​រង្វង់​ឆ្នាំ​២០២១ ឬ​២០២២​។ សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​បន្ថែមថា ដើម្បី​ឈានទៅដល់​ការសម្រេចបាន ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​១​លាន​តោន មិនមែន​ធ្វើ​ស្រូវ​របៀប​ចាស់​ទៀតឡើយ ត្រូវធ្វើ​ស្រូវ​តាម​បច្ចេកវិទ្យា​ទំនើប​។ ជាមួយនេះ សម្តេច​តេ​ជោ ក៏បាន​ថ្លែង​សរសើរ​ដល់​ម​ន្ក្រី នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លើ​វិស័យ​កសិកម្ម​ដែល​បាន​ខិតខំ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ​កសិករ​មក​ចាប់យក​វិស័យ​កសិកម្ម​បែប​ទំនើប ដែល​ឥឡូវនេះ ខេត្តតាកែវ ក្លាយជា​ខេត្ត​ទី​៣ បន្ទាប់ពី​ខេត្តព្រៃវែង និង​បាត់ដំបង ក្នុង​ការផលិត​ស្រូវ​ដែល​ប្រជាពលរដ្ឋ​ព្រម​ទទួលយក​ពូជ​ល្អ​។​

​បើតាម​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា មុនពេល​មានការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ បើទោះបី​វិស័យ​សេវា និង​ឧស្សាហ កម្មបាន​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច តែ​វិស័យ​កសិកម្ម ក៏​នៅតែមាន​តួនាទី​សំខាន់ ផងដែរ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ឯកឧត្ដម​បាន​បន្ដថា នៅ​ឆ្នាំ​២០១៩ វិស័យ​កសិកម្ម​បាន​ចូលរួម ចំណែក​ប្រមាណ ២០,៨​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ក្នុងនោះ​ផ្នែក​ដំណាំ​បានរួម​ចំណែក​៥៧,៦៧​ភាគរយ ផលិតកម្ម​សត្វ​១១,១១​ភាគរយ ផ្នែក​ជល ផល​២៤,៣០​ភាគរយ និង​ផ្នែក​ព្រៃឈើ​៦,៩១​ភាគរយ​។​រីឯ​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង ពី ៤,១៦​លាន​តោន នៅ​ឆ្នាំ​២០១៥​ដល់​៤,៨៨​លាន​តោន​នៅ​ឆ្នាំ​២០១៩​ស្មើនឹង​១៧,៣​ភាគរយ​។ ចំពោះ​បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​បាន​កើន​ពី​៥៣៨​ពាន់​តោន ដល់​ជាង​៦២០​ពាន់​តោន ក្នុង​ឆ្នាំ​២០១៩ គិត​ជា​មធ្យម​ក្នុង​រយៈពេល​៥​ឆ្នាំ កន្លងមកនេះ គឺមាន​កំណើន​ប្រមាណ​១៥,២៤​ភាគរយ​។ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ បរិមាណ​នាំចេញ​អង្ករ​បាន​ជាង ៤​សែន​តោន ស្មើនឹង​៨៦,៥៦​ភាគរយ និង​នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន​៥៦ ប្រទេស នៅតាម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន សមាជិក​សហភាព​អឺរ៉ុប ចិន និង​ប្រទេស​មួយចំនួនទៀត​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន​៦៦​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បន្ដទៀតថា សមិទ្ធផល​នេះ គឺ​បានបង្ហាញ​ឱ្យឃើញ​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ទោះបី​នៅ​មិនទាន់​សម្រេច​គោលដៅ​នាំចេញ​អង្ករ​ផ្លូវការ​បាន​ចំនួន​១​លាន​តោន​ក៏ដោយ​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បានលើកឡើង​ផងដែរ​ថា ទោះបី​កម្ពុជា​កំពុង​ទទួលរង​នូវ​ហានិភ័យ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី តែ​ការងារ​បង្កបង្កើនផល​នៅ តែ មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ដោយ​អនុវត្តន៍​បាន ជាង​២​លាន​ហិកតា ស្មើនឹង​ជាង ៨០​ភាគរយ នៃ​ផែនការ​២​លាន ៥​សែន​៨​ម៉ឺន​ហិកតា គឺ​លើស​ជាង​២៤​ម៉ឺន​ហិកតា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។ រីឯ​ការងារ​ភ្ជួរ​រាស់​រៀបចំ​ដី​ដោយ​គ្រឿងយន្ត​កសិកម្ម​ស្មើនឹង ៩៩,៣៨​ភាគរយ និង​ដោយ​គោ​ស្មើនឹង​០,៦២​ភាគរយ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា ខេត្តតាកែវ ក៏​ជា​ខេត្ត​មួយ​ដែលមាន​ប្រជាជន​សរុប​ជាង​១​លាន​នាក់​ក្នុងនោះ​ប្រជាជន​ប្រមាណ ៧៩​ភាគរយ ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម ធ្វើស្រែ​ចម្ការ នេសាទ ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​ហើយក៏​ជា​ខេត្ត​ដែលជា​ប់​ចំណាត់ថ្នាក់​ទី​៣ បន្ទាប់ពី​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង លើ​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ និង​បរិមាណ​ផល​ស្រូវ​៕​ដោយ ជឹម ណា​រី​