សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩ ក្រោយរកឃើញករណីវិជ្ជមានថ្មីចំនួន២៦នាក់បន្ថែមទៀតនៅកម្ពុជា

AKP តាកែវ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ត អំពាវ នាវសារជាថ្មីឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងជំងឺកូវីដ១៩ បន្ទាប់ពីក្រសួងសុខាភិបាលបាន ប្រកាសរកឃើញករណីវិជ្ជមានថ្មីចំនួន២៦នាក់បន្ថែមទៀតនៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២០  ដោយសម្ដេចនៅតែរម្លឹកប្រជាពលរដ្ឋឱ្យការពារខ្លួននឹងជំងឺរាតត្បាតនេះ ដូចជាពាក់ម៉ាស់ និងដាក់ជែលលាងដៃតាមខ្លួនជាដើមនោះ។

ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ ក្នុងខណៈអញ្ជើញទៅពិនិត្យ មើល ការ បង្ហាញទំនើបកម្ម ផលិតកម្មដំណាំស្រូវ និងជួបសំណេះសំណាលជាមួយប្រជា កសិករនៅភូមិសេដ្ឋី និងភូមិពន្ធទងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹក ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កូវីដ១៩ អាចបំផ្លាញដល់កម្រិតណាមួយ តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាបានឡើយ ព្រោះកម្ពុជា ជាប្រទេសមានសក្តានុពល ខ្ពស់ លើវិស័យកសិកម្ម ខណៈបណ្ដាប្រទេសនានាអាចផ្អាកទិញសម្លៀកបំពាក់ ទំនិញផ្សេងៗ និងដំណើរកម្សាន្ត តែមិនអាចបញ្ឈប់ការបញ្ជាទិញស្បៀងអាហារឡើយ។ សម្ដេចតេជោ បាន លើកឡើងថាកូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើង បានទេ មូលហេតុអីបានខ្ញុំធានាថាមិនអាចសម្លាប់យើងបាន នោះគឺធ្វើយ៉ាងម៉េចកុំឱ្យ ខ្មែរ ខ្វះអង្ករច្រកឆ្នាំង។ អីចឹងបានជាវិស័យកសិកម្មឥឡូវនេះ មិនមែនត្រឹមតែជាសក្តានុពលតែវាក៏ជាឱកាសព្រមគ្នា ព្រោះអីនៅលើពិភពលោកគេអាចកាត់បន្ថយការជិះយន្តហោះ ដែលយន្តហោះកន្លងមកធ្លាប់តែមួយថ្ងៃៗ ៤០០ជើង ទៅ៥០០ជើង។ ចុះស្រុកខ្មែរ ឥឡូវ ក្នុង១ ថ្ងៃចុះប្រហែលតែ១០ជើងប៉ុណ្ណឹងទេ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា បណ្ដា ប្រទេស មួយចំនួននៅលើសកលលោក អាចផ្អាកធ្វើដំណើរកម្សាន្តនានាមកកាន់កម្ពុជា និង ផ្អាក ទិញ ទំនិញមួយចំនួនរបស់កម្ពុជាបាន តែគេមិនអាចផ្អាកទិញស្បៀងពីកម្ពុជា បាន ឡើយ។ សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដូច្នេះប្រទេសដែលបានផលិតស្បៀងដូចជា កម្ពុជាជាដើម ជាប្រទេសដែលត្រូវប៉ាន់ ដែលបណ្ដាប្រទេសនៅលើពិភពលោកត្រូវការ បញ្ជាទិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩នេះ ឱ្យទៅជាឱកាសសម្រាប់វិស័យកសិកម្ម ក្នុងការពង្រីកទីផ្សារនាំចេញ ប្រភេទស្បៀងនានា ដែលកម្ពុជាសម្រេចបានទៅកាន់បណ្ដាប្រទេសនានា នៅលើសកលលោកផងដែរ។

បើយោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុប មាន ចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកព្យា បាលជា សះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៤០នាក់(ស្រី៣៩នាក់ និងបុរស១០១នាក់) ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៥នាក់ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត មានចំនួន៧នាក់ (ស្ត្រី ០១នាក់ និងបុរស ០៦ នាក់) នៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ សរុបចំនួន៤៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ជាស្ត្រីជនជាតិអាម៉េរិកកាំង០២នាក់៕

ដោយ ជឹម ណារី