ក្រសួងការងារបើកកិច្ចប្រជុំក្រុមការងារយន្តការត្រីភាគីបូកដើម្បីពិភាក្សាលើការធ្វើ​វិសោធន​កម្មច្បាប់​ស្តីពីការងារ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំក្រុមការងារយន្ដ ការត្រីភាគីបូក សម្រាប់បន្តកិច្ចពិភាក្សា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ សំដៅសម្រេច ឱ្យបាននូវសេចក្តីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានមានប្រសាសន៍ថា ស្ថិតក្នុងបរិបទដែលវិស័យឯកជនកាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯក ជនស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាវិស័យឯកជននៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សហគ្រាស គ្រឹះស្ថានទាំងអស់អាច រក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ឯកឧត្ដមបានបញ្ជាក់​ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនៅក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩  ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចលើប្រធានបទចំនួន១៥ ដែលក្នុងនោះ ការកែសម្រួលច្បាប់ស្តីពីការងារ គឺជាការងារអាទិភាពមួយនៅក្នុងវិស័យការងារ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ប្រមុខរាជ​រដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាពក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ដោយបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយបានសហការជាមួយអង្គការអន្តរជាតិខាងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី នាពេលកន្លងមកដើម្បីពិភាក្សាអំពីលទ្ធភាពលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារនេះ។ ឯកឧត្ដមបានបន្ថែមថា ក្នុងបរិការណ៍នេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព ព្រមទាំងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤និងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាប័ន្ន ព្រមទាំង បញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយ ដែលកើតមានឡើងជាយ ថាហេតុ។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារបានសម្រេចបង្កើតក្រុមការងារយន្តការត្រីភាគីបូកសម្រាប់ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះឡើង ដែលមានសមាសភាពត្រី​​ភាគីក្នុងចំនួនស្មើៗគ្នា ដើម្បីបន្តជំរុញកិច្ចសន្ទនាសង្គមក្នុងពិភាក្សា និងពិគ្រោះយោបល់លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅជំរុញកំណើនផលិតភាព ភាព ប្រកួតប្រជែងរបស់ជាតិ និងបង្កើនឱកាសការងាររបស់កម្មករនិយោជិត ស្របតាមសេចក្ដី ត្រូវការក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

ដោយ រិទ្ធី