ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសគុយបា វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រគុយបានៅរាល់វេទិកាអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសគុយបា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រគុយបា នៅរាល់វេទិកាអន្តរជាតិ ស្តីពីការប្រឆាំងទៅនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអសីលធម៌ និងអយុត្តិធម៌ពីប្រទេសមហាអំណាច។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដានេះ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស បានមានប្រសាសន៍បញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសគុយបា ក៏ដូចជាប្រជា ពលរដ្ឋគុយបាតែងតែរំលឹកពីរឿងរ៉ាវនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេស ទាំងពីរ ហើយតែងតែប្រារព្ធខួបអនុស្សាវរីយ៍ជា រៀងរាល់ឆ្នាំ តែដោយសារ ស្ថានការណ៍ ពិភពលោកនាពេលនេះជួបប្រទះនូវជំងឺឆ្លងដ៏កាចសាហាវ(Covid-19) ទើបការ ប្រារព្ធខួប អនុស្សាវរីយ៍នាឆ្នាំនេះត្រូវខកខាន។ តែទោះបីយ៉ាងណាក្តីប្រទេសគុយបា តាមរយៈ ស្ថានទូតគុយបានៅកម្ពុជានឹងនៅតែបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងវិស័យផ្សេងៗដូចជាវិស័យអប់រំ ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា និងវិស័យសុខាភិបាលជាដើម។

លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា ក្នុងអំឡុងពេលនៃការបំពេញបេសក កម្មការទូតនៅកម្ពុជា លោកជំទាវនឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ លោកជំទាវ បានថ្លែងនូវក្តីរីករាយ និងវាយ តម្លៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ វិធានការ ទប់ស្កាត់ការឆ្លងរីករាលដាល និងបានព្យាបាលអ្នកជំងឺ COVID-19 ប្រកបដោយជោគជ័យ និងយ៉ាងមានប្រសិទ្ធភាព ខណៈ ដែលពិភពលោកកំពុងរុកគួន ដោយមេរោគនេះ។

លោកជំទាវ ក៏បានសម្តែងនូវក្តីរីករាយផងដែរនាឱកាសនៃជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភាជាស្រ្តី ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីភាពអង់អាច និងសមត្ថភាពដ៏រឹងមាំរបស់ស្រ្តីកម្ពុជាក្នុងកិច្ចការងារ។ លោកជំទាវក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដែលលោកជំទាវអនុប្រធានរដ្ឋសភា បានចំណាយពេលវេលា ទទួលជួបសវនាការជាមួយលោកជំទាវនាឱកាសនេះ។

លោកជំទាវបានអរគុណរដ្ឋសភា ដែលតែងតែជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបាឱ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។ ចំណង មិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា។

ក្នុងជំនួបនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការ ទូតរបស់លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ហើយនឹងធ្វើកិច្ច សហប្រតិបត្តិការ ពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវប្រចាំកម្ពុជា ទទួលបានជោគជ័យ។

លោកជំទាវបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាយូរមកហើយ។ ឆ្នាំ២០២០នេះគឺជាខួបគម្រប់៦០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំ ប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតន:កោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ រហូតដល់ពេលបច្ចុប្បន្ន។

លោកជំទាវ អនុប្រធានរដ្ឋសភា បានលើកឡើងបន្តថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាចមួយ ចំនួននាទសវត្សរ៍៨០ មិត្តគុយបាបានចាប់ផ្តើមទំនាក់ទំនងការទូតឡើង វិញដោយបានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុង របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាព ដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។

លោកជំទាវក៏បានអបអរសាទរផងដែរ ចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការលប់បំបាត់រនាំង ឬឧបសគ្គនានា ដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា៕ ដោយ៖ប៉ាល់ សុង