ឯកឧត្តម ស៊ិក ប៊ុនហុក អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយការងារបោះឆ្នោត ជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយការងារបោះឆ្នោតជូនដល់មន្ត្រីលេខាធិការ ដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី អ៊ាង សារិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះមានក្រុង១ ស្រុកចំនួន៥ ស្មើនឹង៤២ឃុំ និង៥សង្កាត់ ហើយ បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅចំនួន ៩៤០៨០គ្រួសារ ស្មើនឹង ៤១៧ ២៣១ នាក់ ក្នុងនោះ អ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ២៤៥៧៦១នាក់។

លោកស្រីបញ្ជាក់ថា ក្នុងចំណោមឃុំ សង្កាត់ទាំង ៤៧ មានឃុំចំនួន១២ ដែលមាន ស្ថានភាពផ្លូវលំបាក ត្រូវឆ្លងទឹកចុះអូរ ផ្លូវរអិលនៅពេលមានភ្លៀង ក្នុងពេលដែលត្រូវ ចុះប្រតិបត្តិការចល័តក្រុម ការងារចុះឈ្មោះបោះឆ្នោត ក៏ដូចជាការដឹកសម្ភារៈបម្រើឱ្យ ការបោះឆ្នោត គឺត្រូវប្រើប្រាស់ទូក រទេះគោ គោយន្ត និងឧទ្ធម្ភាគចក្រផងដែរ។

លោកស្រី អ៊ាង សារិ បង្ហាញថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅឆ្នាំ ២០១៩ មានចំនួន ១៩៥២០២នាក់ មានការិយាល័យបោះឆ្នោតចំនួន៥៧១ការិយាល័យ ដោយឡែកនៅឆ្នាំ២០២០ បង្កើតបានការិយាល័យបោះ ឆ្នោតចំនួន ២ បន្ថែមទៀត ដែលតាម ការប៉ាន់ស្មានអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមានចំនួន ១៣៩៣០ នាក់ លើផែន ការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចំនួន ៧៥៣៨នាក់។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយការងារបោះឆ្នោតនៅ ខេត្តក្រចេះនាពេលនោះឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់ មន្ត្រីបោះឆ្នោតនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ ដែលបានប្រើប្រាស់ គ្រប់មធ្យោបាយ ដើម្បីបម្រើដល់ការបោះឆ្នោតទទួលបានលទ្ធផលគួរឱ្យទុកចិត្ត។

ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន (គ.ជ.ប) បានធ្វើការណែនាំដល់មន្រ្តីថ្នាក់ក្រោម ទាំងអស់ត្រូវបន្តការប្រើប្រាស់គ្រប់មធ្យោបាយតទៅទៀត ដែលនេះហើយគឺជាការងារភាព អ្នកបម្រើសេវារបស់ (គ.ជ.ប) ដែលត្រូវគោរពសិទ្ធិម្ចាស់ឆ្នោត ត្រូវស្រឡាញ់ និងបម្រើម្ចាស់ ឆ្នោត ម្យ៉ាងវិញទៀតក្រៅពីភាពជាអ្នកបម្រើសេវា យើងត្រូវតែប្រកាន់ភ្ជាប់គោលការណ៍ ផ្សេងទៀតគឺ ឯកភាព អព្យា ក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ។

ឯកឧត្តមក៏បានរម្លឹកថា តួនាទីរបស់មន្រ្តីបោះឆ្នោតមិនថាតែនៅកម្ពុជាទេ គឺសំខាន់ ណាស់សម្រាប់ប្រទេសជាតិមួយ ដែលរក្សាបាននូវអ្វីដែលយើងកំពុងតែមានតាម រយៈការបោះឆ្នោតដោយផ្តោតទៅលើ ៣ដំណាក់ធំៗ គឺដំណាក់កាលមុនបោះឆ្នោត ដំណាក់កាលពេលបោះឆ្នោត និងដំណាក់កាលក្រោយបោះឆ្នោត ដោយធ្វើតាមប្រព័ន្ធកុំព្យូទ័រ ប្រកបដោយសុក្រឹតភាព និងតម្រូវឱ្យមន្រ្តីត្រូវចេះនូវប្រព័ន្ធកុំព្យូទ័រ ដើម្បីងាយស្រួលធ្វើការងារ ក្នុងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅតាមរាជធានី ខេត្ត៕ ដោយ៖ជួន សុជាតិ