អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញកសិករឱ្យបន្តការយកចិត្តទុកដាក់ដាំដុះបន្លែ​ធម្មជាតិ និងចិញ្ចឹមសត្វ

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០–

អភិបាលរងខេត្តបន្ទាយមានជ័យលោក គឹង វណ្ណៈ បានជំរុញកសិករឱ្យបន្តការយកចិត្ត​ទុកដាក់ក្រៅពីដំណាំស្រូវនោះគឺការដាំដុះបន្លែធម្មជាតិ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បី បង្កើនចំណូល ​លើកកម្ពស់ជីវភាពគ្រួសារឱ្យប្រសើរថែមទៀត។

ការលើកឡើងរបស់លោក គឹង វណ្ណៈ យ៉ាងដូច្នេះក្នុងឱកាសលោកដឹកនាំក្រុមការងារ បានចុះពិនិត្យតាមបណ្តាកសិដ្ឋានដាំបន្លែ និងចិញ្ចឹមសត្វ ស្ថិតនៅឃុំចំណោម និងឃុំភ្នំធំ ស្រុកមង្គលបូរីនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក គឹង វណ្ណៈ បានមានប្រសាសន៍ថា ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា​ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមគ្រួសារបានផ្តល់ទុនជូនប្រជាកសិករខ្ចីដោយគ្មាន ការប្រាក់ ដើម្បីផ្តល់លទ្ធភាពជួយដល់កសិករយើងបានយកទៅពង្រីកការដាំដុះ​បន្លែ និង​ចិញ្ចឹមសត្វឱ្យបានច្រើនថែមទៀតបង្កើនចំណូលសំដៅធ្វើឱ្យជីវភាពគ្រួសារកាន់តែ​រីកចម្រើន។

ក្នុងឱកាសដើរពិនិត្យមើលបន្លែគ្រប់មុខ និងកន្លែងចិញ្ចឹមសត្វនោះ លោក គឹង វណ្ណៈ បានធ្វើការអប់រំការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ និងជាលក្ខណៈ ទ្រង់ទ្រាយធំ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារ បន្លែធម្មជាតិទាំងនេះ អាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិឃុំស្រុកថែមទៀត ព្រោះថាបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងនោះ។

អភិបាលរងខេត្តបន្ទាយមានជ័យលោក គឹង វណ្ណៈ បានបញ្ជាក់ឱ្យដឹងទៀតថា ការងារ​ដាំដុះនេះអាចជាមុខរបររួមផ្សំមួយនៅពេលទំនេរពីការងារបង្កបង្កើនផលស្រូវ ក្រុមគ្រួសារ​​នីមួយៗក្រៅពីការងារបង្កបង្កើនផលស្រូវ ដើម្បីបង្កើនជីវភាពគ្រួសារហើយ សង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាំគ្នាបន្តដាំដុះបន្លែផ្លែឈើចិញ្ចឹមសត្វកាន់តែផុលផុសនាពេល​ខាងមុខ។

លោក គឹង វណ្ណៈ បានផ្តាំកសិករថា ប្រសិនបើមានការខ្វះខាតនូវលក្ខណៈ បច្ចេកទេសដាំដុះណាមួយមន្ត្រីជំនាញកសិកម្មនឹងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេកទេសថ្មី ទទួលបានផលច្រើនគ្មានជាតិគីមី និងផ្តល់ពូជបន្លែថែមទៀតផង៕​ ដោយ៖ឈុនសារ៉ាត