ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្តជើងទី២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០–

ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០ ថ្នាក់ខេត្ត ត្រូវបន្តការប្រកួតនៅជើងទី២ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយផ្លាស់ប្តរទឹកដី ដើម្បីសរុបលទ្ធផលទាំងពីរជើង និងកាត់សេចក្តីថាតើ២ក្រុមខ្លាំងៗណាខ្លះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ ខេត្តព្រែវែងប៉ះជាមួយក្រុមភ្ញៀវ ខេត្តសៀមរាប ខណៈក្រុមម្ចាស់ផ្ទះខេត្តកែបប៉ះជាមួយក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ។

សូមរម្លឹកថា កាលពីជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ គឺខេត្តព្រៃវែងបានយកឈ្នះខេត្តរៀមរាប ដោយលទ្ធផល ២ទល់០ ខណៈខេត្តត្បូងឃ្មុំយកឈ្នះខេត្តកែប ២ទល់១។

ទោះបីយ៉ាងនេះក្ដី ២ក្រុមដែលឈ្នះៗកាលពីជើងទី១កំពុងមានប្រៀបខ្លាំងលើគូប្រកួតរៀងៗខ្លួន ដោយ២ក្រុមចាញ់ៗកាលពីជើងទី១ ត្រូវខិតខំអស់ពីសមត្ថភាពដើម្បីប្រជែងកៅអីឡើងទៅប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅទឹកដីកណ្តាល នាពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដោយមាន២ប្រកួត គឺប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ វេលាម៉ោង ៣រសៀល និងប្រកួត ផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯកថ្នាក់ខេត្ត វេលាម៉ោង ៦ល្ងាច។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ ត្រូវបានចែកចេញជាពីរថ្នាក់ គឺខេត្ត និងថា្នក់ជាតិ ដោយ៤ក្រុមចុងក្រោយ មានដូចជាខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តសៀមរាប ដែលនឹងត្រូវឡើង ទៅប្រកួតថ្នាក់ជាតិជាមួយ១២ក្រុម ដែលកំពុងស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា សរុប១៦ក្រុម ដោយគ្រោងចាប់ឆ្នោត ចែកពូលជាថ្មី ក្រោយបញ្ចប់ការប្រកួតថ្នាក់ខេត្ត៕ ដោយ៖ហេង ណាលីន