ក្រសួងសាធារណការ សហការជាមួយរដ្ឋបាលខេត្ដកែប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយ​ច្បាប់ ​ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក

AKP កែប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  បានសហការជាមួយរដ្ឋបាលខេត្ដកែប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិ​ភាព​​ចរាចរណ៍​ផ្លូវគោក ដើម្បីពង្រឹងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកឱ្យ​កាន់តែមានប្រសិទ្ធ​ភាព និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ។

យុទ្ធនាការ​នេះ ធ្វើ​ឡើង​ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក និងលោក វ៉ៅ សុខា  អភិបាលរងខេត្ត  តំណាង ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ គឺជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រ​យាន​យន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូល​រួម​ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។

លោកអភិ​បាលរងខេត្ដបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវ ដល់ប្រជាពល​រដ្ឋទាំង​អស់​ត្រូវចូលរួមគោរព និងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅ​លើក​ស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹង​ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមានូវ​កំណើន​គ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ ចរាចរណ៍​ផ្លូវ​គោក ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់របស់ប្រជាជនឱ្យនៅកម្រិតទាបបំផុត៕ដោយ ប្រាក់ លាង