អភិបាលខេត្តសៀមរាបថា មានគម្រោងរៀបចំកម្មវិធីសាសនា និងកម្មវិធីកីឡាចំនួនពីរថ្ងៃ នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ

AKP សៀមរាប ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅ អនុវត្តន៍បន្តឆមាសទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប កាលពី ថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​ បាន បង្ហាញថា អាជ្ញាធរខេត្តសៀមរាប​មាន​គម្រោងរៀបចំធ្វើនូវកម្មវិធីសាសនា និងកម្មវិធីកីឡា ចំនួន២ថ្ងៃនៅក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាលឱ្យឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុក។

បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន នឹងបើកដំណើរការឡើងវិញដើម្បី ទទួលភ្ញៀវទេសចរជាតិដែលមកកម្សាន្តនៅខេត្តសៀមរាប ប៉ុន្តែគ្រប់ទីកន្លែងទាំងអស់ត្រូវ ប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត​ក៏នឹងដាក់ស្នើទៅក្រសួងសុខាភិបាលដើម្បីឱ្យរៀបចំ ដាក់ វិធាន​ការទប់ស្កាត់ជំងឺកូវីដ-១៩មួយចំនួនបន្ថែមទៀត ដល់សណ្ឋគារ និងភោជនីយ ដ្ឋានផងដែរ។

ឯកឧត្តមបង្ហាញថា ការជ្រើសរើសបង្កើតកម្មវិធីកីឡានេះ ដោយឃើញថា បច្ចុប្បន្ននេះ ការធ្វើលំហាត់ប្រាណដើម្បីសុខភាព គឺមានសន្ទុះកើនឡើងច្រើន។ កីឡាដែល អាជ្ញាធរគ្រោង រៀបចំឡើងនេះ អាចជាកីឡាជិះកង់ ដើរក្នុងព្រៃ ឬនៅតំបន់អេកូទេសចរណ៍ផ្សេងៗ។ ប៉ុន្តែសម្រាប់ទីតាំងសម្រាប់រៀបចំកម្មវិធីទាំងនេះ អាជ្ញាធរមិនទាន់មានការបញ្ជាក់ឱ្យ ច្បាស់លាស់នៅឡើយទេ ដោយកំពុងតែធ្វើការពិភាក្សាគ្នា និងរៀបចំផែនការ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  បានសម្រេចឱ្យកម្មករ និយោជិត និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល៥ថ្ងៃ ដោយគិតចាប់ពី១៧ ដល់ថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវ បានពន្យារពេលកាលខែមេសាកន្លងមកនេះ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាល ដាលជំងឺ កូវីដ១៩។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានស្នើឱ្យក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យបន្ថែមទៀត៕

ដោយ ឃុត សៅ