លទ្ធផល៦ប្រកួតសប្តាហ៍ទី៨ លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០

ការប្រកួតលីគកំពូលសប្តាហ៍ទី៨នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ដែលមាន៦ប្រកួតនោះគឺក្រុម​ភ្នំពេញ​ក្រោន ប្រកួតជាមួយក្រុមនគរបាលជាតិ ៤ទល់០ ខណៈអគ្គិសនីកម្ពុជាចាញ់ណាហ្គាវើលដ៏ ១ទល់៥។ រីឯវិសាខា​ប្រជែង​បាន៣ពិន្ទុ​ដោយងាយក្រោយយកឈ្នះយុវជនបាទី ដោយលទ្ធផល ៦ទល់០​ដោយការ​ប្រកួត​សប្តាហ៍ទី៨​នេះធ្វើឡើងកាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ចំពោះ៣ប្រកួតទៀត រួមមាន៖ សូលទីឡូអង្គរប្រកួតចាញ់គិរីវង់សុខសែនជ័យ ២ទល់៣ ស្របពេល​ដែលអង្គរ ថាយហ្គឺ​ ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៣ទល់០ រីឯបឹងកេតបានយកឈ្នះកង​យោធពលខេមរ​ភូមិន្ទ ៦ទល់១។ គិតមកដល់សប្តាហ៍ទី៨នេះ ៦ក្រុមដែលឈរលើកំពូលតារាងជាបន្តបន្ទាប់ ដែលត្រៀម​ចូល​រួមប្រជែងជើងឯក ក្រោយបញ្ចប់ ជើងទី១ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត វិសាខា ណាហ្គាវើល និងអង្គរថាយហ្គឺរ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ គណៈកម្មការបាល់​ទាត់ជាតិ​កម្ពុជា (CNCC) បានកែសម្រួលរូបមន្តថ្មី ដោយក្នុងចំណោមក្រុមសរុបចំនួន១៣ គឺយក៦ក្រុម ដែល​មានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ ក្រោយបញ្ចប់ជើងទី១ នឹងត្រូវប្រកួតដណ្តើមម្ចាស់តំណែង​ជើង​ឯក រដូវកាល ២០២០ ខណៈ៧ក្រុមផ្សេង ទៀតពីលេខ៧ដល់លេខ១៣ នឹងត្រូវប្រកួតធម្មតា៕

ដោយ ហេង ណាលីន