ឯកឧត្ដម ឃួង ស្រេង បានផ្តល់ជាក្តារមឈូសចំនួន៤ និងថវិកាចំនួន ៤លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ដោយអគ្គិភ័យ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០–

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួងស្រេងបានផ្តល់ជាក្តារមឈូសចំនួន៤ និងថវិកាចំនួន ៤លានរៀលជូនដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់យ៉ាងអាណោចអាធ័មដោយគ្រោះអគ្គិភ័យ កាលពីរសៀលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២០។

សមានចិត្តយកចិត្តមនុស្សធម៌របស់ ឯកឧត្កម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានក្រុមគ្រួសារសពជនរងគ្រោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលនេះជាសន្ដានចិត្ដ ក្នុងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋដោយមិនរើសអើង ។

សូមបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យដោយឆេះធុងហ្គេសដែលបានធ្វើឱ្យមានមនុស្សស្លាប់៤នាក់ និងរបួស ៥នាក់ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវលេខ៦៣ក្បែរវត្តកោះក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

អ្នកស្លាប់០៤នាក់ រួមមាន៖ ១-ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស(កម្មករ), ២-មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស(កម្មករ), ៣-ឡាំសេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស(កូនម្ចាស់ផ្ទះ), ៤-ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី(កូនម្ចាស់ផ្ទះ)។

ដោយឡែកអ្នករបួស មាន ១-ប្រាក់ ហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ)របួសស្រាល, ២-លី សឿងអាយុ ៤៩ឆ្នាំ ប្រពន្ធ(របួសធ្ងន់), ៣-ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស(កូន), ៤-ឡាំ គីមជូ អាយុ១៣ឆ្នាំ ភេទស្រី(កូន), ៥-ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស(ប្អូនម្ចាស់ផ្ទះ) របួសស្រាល ៕ ដោយ៖សួស សំរិត