សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារក្រីក្រ និងជាជនពិការ

AKP សៀមរាប ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០–

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប កាលពីរសៀលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានប្រគល់ផ្ទះមនុស្សធម៌១ខ្នង ដែលជាការជួយឧបត្ថម្ភរបស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវជូនគ្រួសារលោក គី រី អាយុ៦៥ឆ្នាំ ជាគ្រួសារក្រីក្រ និងពិការជើងឆ្វេង រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលបច្ចុប្បន្ន ពួកគាត់ដើរស៊ីឈ្នួលគេគ្រាន់បានចំណូលខ្លះដោះស្រាយជីវភាពគ្រួសារ។

ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រx៦ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៤ម៉ែត្រ។

លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលបានឃើញសមិទ្ធផល ដែលលោកបានចូលរួមតាមរយៈកាកបាទក្រហមកម្ពុជា ហើយមកដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាកពិតប្រាកដ ជាពិសេសផ្ទះដែលបានប្រគល់នាពេលនេះ គឺស្អាតសមរម្យហួសពីការគិតរបស់លោកទៅទៀត។

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានមានប្រសា សន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាឡើយ ដោយមិនទុកនរណាម្នាក់ចោល។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមជាមួយការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

លោកជំទាវបន្តថា សម្រាប់គ្រួសារដែលទទួលបានផ្ទះនៅថ្ងៃនេះ ក៏ទទួលបានគ្រឿងឧបភោគបរិភោគបន្ថែមដែរ មានដូចជា៖ មុង២ ភួយ២ សារុង២ ក្រមា២ កន្ទេល២ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ឡាំងទឹក២ អាវយឺត១០ សម្ភារផ្ទះបាយមួយចំនួន និងថវិកា ៤០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ១៥គីឡូក្រាម មី១កេស ត្រីខ១យួរ ក្រមា១ អាវយឺត២ និងថវិកា ៤ម៉ឺនរៀល។

សូមបញ្ជាក់ថា ផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕ ដោយ៖ឃុត សៅ