កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែរក្សាបាននិរន្តរភាពទោះកូវីដ១៩ កំពុងតែរាតត្បាតពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ —

នៅក្នុងខណៈដែលពិភពលោកកំពុងតែប្រឈមមុខនឹងការរាតត្បាតនៃមេរោគកូវីដ១៩ ហើយសេដ្ឋកិច្ច ពិភពលោកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការធ្លាក់ចុះដែលមិនដែលបានជួបប្រទះពីមុនមកនោះ ក៏ដោយក៏ សម្រាប់ឆ្នាំ២០២០នេះ សកម្មភាពកំពង់ស្វយ័តក្រុងព្រះសីហនុដែលជាមាត់ច្រកសេដ្ឋកិច្ចនៃ កម្ពុជានៅតែបន្តរក្សាបាននូវនិរន្តភាព។

លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ថា ដូចដែលយើងបានដឹងហើយថា កូវីដ១៩ វាបានផ្ទុះ កាលពីអំឡុងពេលចូលឆ្នាំចិន ពោលគឺនៅក្នុងអំឡុងខែមករា ប៉ុន្តែផលប៉ះពាល់មកព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺមកដល់កំពង់ផែយើងនេះគឺមានចាប់ពីខែមីនាមក ដោយសកម្មភាពនៅក្នុងការដឹកជញ្ជូនទំនិញនោះមានការថមថយ។

លោកបានបន្តថា នៅក្នុងអំឡុងខែមករា និង ខែកុម្ភៈ កំពង់ផែនៅដំណើរការល្អមែនទែន ដោយយើង ទទួលបានកំណើនជាង ២០ ភាគរយ លើទំនិញឆ្លងកាត់។

លោកបានបញ្ជាក់ថា “ យើងឃើញថា សកម្មភាពអាជីវកម្មនៅកំពង់ផែ គឺទទួលបានដំណើរការល្អ ។ ប៉ុន្តែក្រោយមក គឺចាប់ពីខែមីនា ទៅដល់ខែមេសា មក សកម្មភាពនាំចូល មានការធ្លាក់ចុះច្រើន ដោយសារតែវត្ថុធាតុដើមពីស្រុកចិន គឺមានការថមថយ ប៉ុន្តែការនាំចេញគឺ មិនទាន់់ប៉ះទេ ដោយសារតែគោលដៅនៃការនាំចេញរបស់យើង គឺសហគមន៍អឺរ៉ុប និង សហរដ្ឋអាមេរិក” ។

លោកអគ្គនាយករងបានមានប្រសាសន៍បន្តទៀតថា ការនាំចូលរបស់យើងប៉ះ នៅខែមីនា និងខែមេសា តែនៅពេលដែលចិនចាប់ផ្តើមធូរស្រាលវិញ នៅខែមេសា និង ខែឧសភា ក៏ស្រាប់តែ សហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកគាត់ប៉ះវិញម្តង ដូច្នេះសកម្មភាពនាំចូលយើងមាននិរន្តរភាពឡើងវិញ តែ ក៏ប្រឈមមុខនឹងការធ្លាក់ចុះការនាំចេញ ដូច្នេះជារួមនៅក្នុងរយៈពេល៥ ខែ មកនេះសម្រាប់សកម្មភាពកំពង់ផែ គឺនៅតែទទួលបាននិរន្តរភាព ។

លោក ថៃ ឫទ្ធី បានមានប្រសាសន៍បន្ថែមថា បរិមាណនៃទំនិញដែលបានឆ្លងកាត់កំពង់ផែ បើគិតគិតជាតោន គឺយើងនៅទទួលកំណើន ៣,៤១ ភាគរយ នៅក្នុងរយៈពេល៥ ខែ ដើមឆ្នាំនេះ ។ដោយឡែកកុងតឺណ័រវិញ គឺយើងនៅទទួល បានកំណើន ៤,៨២ TEU ប៉ុន្តែសម្រាប់នាវា ដែលចេញចូល គឺនាវាមានការធ្លាក់ចុះ ២,៧១ ភាគរយ ។

លោកបានបន្ថែមថា តែបើនិយាយអំពីនាវាដឹកកុងតឺណ័រ គឺយើងនៅទទួលបានកំណើន ៤,៧១ ភាគរយ គឺធ្លាក់នាវាទេសចរណ៍ ធ្លាក់រហូតដល់ទៅ ៤៣.៧៥ ភាគរយ និង នាវាដឹកប្រេងក៏ធ្លាក់ចុះ ៦,២៣ ភាគរយដែរ ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា “ជារួមសកម្មភាពអាជីវកម្មរបស់យើងនៅតែរក្សាបាននិរន្តរភាព ដោយសារតែសេវាកម្មសំខាន់របស់យើងគឺកុងតឺណ័រ គឺមានទំហំជាង ៩០ ភាគរយ ហើយសេវាកម្ម ផ្សេងគឺបន្ទាប់បន្សំ ។ នៅក្នុងអំឡុងពេលនេះ យើងកំពុងតែ បន្តនិរន្តភាព ដោយប្រាក់ខែ បុគ្គលិក និងកម្មការជាង១.០០០នាក់ គឺ នៅតែរក្សាបាន ដដែល ហើយ យើងក៏មានការប្តេជ្ញាចិត្តនឹងបន្តកិច្ចខិតខំ បន្ថែមទៀតនា ឆ្នាំ ២០២០នេះ” ។

លោកអគ្គនាយករងបានចែករំលែកថា ជាធម្មតាសកម្មភាពអាជីវកម្មរបស់កំពង់ផែ មានសកម្មភាពកើនឡើង និងមមាញឹកខ្លាំងគឺចាប់ពីខែកក្កដា ដោយការ សកម្មភាពនាំចេញខ្លាំងហើយតម្រូវការនៅទីផ្សារអឺរូប និង អាមេរិកកើន ខ្លាំង ប៉ុន្តែ ខែ មិថុនា និង ខែ កក្កដា នៅក្នុងឆ្នាំនេះ គឺសកម្មភាពហាក់នៅរក្សាសេ្ថរភាពដោយនៅមួយសប្តាហ៍ គឺមាន ប្រមាណជា ៧.០០០ ទូ ឫ ១១.០០០ TEU។

លោកបានបន្តថា ជាធម្មតាចាប់ពីខែ កក្កដាទៅសកម្មភាពវាមមាញឹកខ្លាំងមែន ទែន ប៉ុន្តែដោយសារតែកូវីដ១៩ នៅក្នុងរយៈពេល ខែកក្កដា និង សីហា ៨ ឆ្នាំនេះ យើងអត់សង្ឃឹមថា យើងនឹងទទួលបានកំណើនទេ ហើយវាអាចនឹងធ្លាក់ចុះខ្លះ តែទោះបីជាយ៉ាងណាក៏ដោយក៏យើងសង្ឃឹមថា សកម្មភាពអាជីវកម្មរបស់កំពង់ ផែនៅតែរឹងមាំ ។

លោកបានបញ្ជាក់ជាថ្មីទៀតថា “ នៅឆ្នាំ២០២០ យើងរំពឹងថា យើងអាចមិនទទួលបានកំណើនទេ ហើយអាចនឹង ចុះ បន្តិចបន្តួច ប៉ុន្តែយើងអាចរក្សាបាននូវសកម្មភាពអាជីវកម្ម ហើយក៏មិនមានការកាត់បន្ថយបុគ្គលិក ឡើយ” ។

លោកបានបន្តទៀតថា សម្រាប់ឆ្នាំ២០២០ និង ២០២១ ខាងមុខបើកុំតែកូវីដ១៩ យើងអត់មានការ បារម្ភ រឿង EBA អ្វីឡើយ ពីព្រោះថា សកម្មភាពនៅកំពុងផែ គឺសំខាន់ដៃគូជាពិសេសគឺក្រុមហ៊ុនកប៉ាល់់គេទុកចិត្តទេ សេវារបស់យើង ដូច្នេះបើសេវារបស់យើងគេទទួលយកបាន ហើយក្រុមហ៊ុនកប៉ាល់នៅតែស្មោះ ស្ម័គ្រនឹងយើង ។

លោកបានបន្តទៀតថា សកម្មភាពកំពុងផែគេនិយាយតែពីរឿងគុណភាពសេវាកម្ម ពោលគឺនៅពេលដែល នាវាមកគឺត្រូវតែមានចំណតចូលចត ហើយអាចចំណាយពេលប៉ុន្មានទើបកប៉ាល់អាចចាកចេញវិញបាន ។

រហូតមកដល់ ពេលនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុមានក្រុមហ៊ុនក៉ប៉ាលប្រមាណជា ១០ ក្រុមហ៊ុន ហើយសម្រាប់នាវាចេញចូល គឺប្រមាណជា ១៥ គ្រឿង នៅក្នុងមួយសប្តាហ៍ រីឯក្រុមហ៊ុនដឹក ជញ្ជូនក្នុងស្រុកប្រមាណជាពី៤០ ទៅ ៥០ ក្រុមហ៊ុន ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាមាត់ច្រកដ៏សំខាន់សម្រាប់ប្រទេស ពោលគឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ដែលភ្ជាប់ក្រុងព្រះសីហនុទៅបណ្តាខេត្តនិងរាជធានីតាមរយៈ ផ្លូវជាតិលេខ ៤ លេខ៣ និង ផ្លូវរថភ្លើង ។ បច្ចុប្បន្ននេះបរិមាណទំនិញ ស្ទើរតែជាង ៧០ ភាគរយបាននាំចេញពីកម្ពុជានិងនាំចូល កម្ពុជាគឺឆ្លងកាត់កំពង់ផែនេះ ក្រៅពីនោះគឺឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញ និង តាមច្រកព្រំដែន ។

អាជីវកម្មចំបងរបស់ កំពង់ផែនេះ គឺការលើកដាក់ទំនិញនាំចេញនាំចូល សេវាកម្មបម្រើតំបន់សេដ្ឋកិច្ចពិសេស និង ភស្តុភាកម្មដំណើរឲ្យការរុករកប្រេង ដោយឡែក គ្រឿងបង្គុំរោងចក្រ និង ផលិតផល សំខាន់ៗទៀតក៏ឆ្លងកាត់កំពង់ផែនេះផងដែរ៕

ដោយ ហេង បញ្ញា (រូបភាព៖ ជា វណ្ណៈ)