ពិធីសំណេះសំណាលក្នុងដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ

AKPខេត្តព្រះសីហនុថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០–

 ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ដោយមានការចូលរួម ពីអភិបាលរងខេត្ត ប្រធានមន្ទីរខេត្តព្រះសីហនុ និងប្រតិភូមន្ទីររៀបចំដែនដីរាជធានីភ្នំពេញមកទស្សនកិច្ចសិក្សាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ១២រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ 

 ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មានប្រសាសន៍ថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្រុងព្រះសីហនុ មានការចូលរួមពីមន្ត្រីនៃមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ  បានចូលរួមក្នុងការចុះវាស់វែងឈានដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះឡើង ដែលមានអង្គភាព២ និងក្រុមហ៊ុនចំនួន ៦ ។ មកដល់បច្ចុប្បន្នការស្ថាបនាផ្លូវ ៣៤ខ្សែចាក់បេតុងបាន ៩៩.៩២ភាគរយ លូបាន ១០០ភាគរយ និងកំពុងបន្តរៀបខឿន ក្រាលថ្មក្រានីតផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំដើមឈើ ។ល។ ហើយនៅមានការងារដែលត្រូវធ្វើជាច្រើនទៀត ។

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ បង្ហាញពីសមិទ្ធផលដែលសម្រេចបានកំពុងដាក់ឱ្យប្រើប្រាស់នាពេលនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មន្ត្រីនៃមន្ទីរៀបចំដែនដីរាជធានីភ្នំពេញ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមវាស់វែងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ  ប្រវែង ៨២,៥០៥ម៉ែត្រ ប្រកបដោយមោទន:ភាព  ។ ទន្ទឹមនោះក៍បានចូលរួមត្រួតពិនិត្យគុណភាពសំណង់ក្នុងខេត្តព្រះសីហនុ មានចំនួន ១,៥៨០ការដ្ឋានផងដែរ  ។ ហើយសមិទ្ធផលកើតនៅខេត្តព្រះសីហនុ កើតចេញពីការចូលរួមរបស់មន្ត្រីរៀបចំដែនដីរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីមូលដ្ឋាន ។

ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តមានកោះ ៣២ មានឆ្នេរជាច្រើនកន្លែង ដែលរាជរដ្ឋាភិបាលចាត់ទុកជាតារារះ នាទិសនារតី ផ្តល់ភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០៣០ ប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចិរភាពតាមរយៈការអភិវឌ្ឍទីក្រុងវៃឆ្លាត ទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សា ហកម្មបច្ចេកវិទ្យាទំនើប ។  ខេត្តព្រះសីហនុ មានសក្តានុពលក្នុងការដឹកជញ្ជូនមានផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសកំពង់ផែទឹកជ្រៅនៅកម្ពុជា  ក្នុងការ ដឹកជញ្ជូនទំនិញចេញ-ចូល ទៀតផង កំពង់ផែមិនមានកំណើនអន់ថយនោះទេ នៅតែបន្តសកម្មភាពលើកដាក់ទំនិញយ៉ាងមមាញឹក ហើយកំពុងបន្តអភិវឌ្ឍជម្រៅទឹកកាន់តែជ្រៅតាមជំហានទី១, ២ និងទី៣ បន្តបន្ទាប់ ។ ព្រលានយន្តហោះអន្តរជាតិ កំពុងពង្រីកវិសាលភាពទីលានចុះចតពី ២,៥០០ម៉ែត្រ ទៅ ៣,២០០ម៉ែត្រ ដើម្បីឱ្យយន្តហោះមានកៅអី ៣ជួរចុះចតបាន សម្រាប់ទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ ។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលៀនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខ ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការពីរ ទី១ ស្លឹកត្នោត ខ្ចប់ស្ករត្នោត ប្រគល់ឱ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី កសាងផ្លូវក្រុងព្រះសីហនុ ៣៤ខ្សែ ប្រវែង ៨២,៥០៥ម៉ែត្រ សម្រេចបាន ៩៩,៩២ភាគរយ លូបាន ១០០ ភាគរយ នៅបន្តបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវបើកឱ្យដំណើការសាកល្បងនៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះផងដែរ និងបន្តដាំដើមឈើ និងផ្កា ដើម្បីបង្កើនសោភណភាព បរិស្ថាន និងបន្តអ៊ុតកៅស៊ូនៅដើមខែធ្នូខាងមុខ និងគំនូសចរាចរណ៍ ។ សម្តេចតេជោ ក៍បានប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០លានដុល្លារអនុវត្តដោយក្រសួងសធារណការ និងដឹកជញ្ជូន ស្ថាបនាផ្លូវ ១១ខ្សែ ជួយសម្រួលចរាចរណ៍ និងការស្តារអូរឈើទាល និងខ្នែងប្រវែង ១៦,៤៦០ម៉ែត្រ និងអូរធម្មជាតិ ៥ខ្សែ ប្រវែង ១១,០៨៧ ម៉ែត្រ ។ ដោយផ្តើមចេញពីកត្តាសន្តិភាព បានកើតចេញនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លួវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលមានអត្តន័យ ០៣  ខ្មែរធ្វើបាន (គឺខ្មែរគិត ខ្មែរធ្វើ និងលុយរបស់ខ្មែរ)    ដោយ ងូ សុមុនី