ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យដំណើរការដាក់សាកល្បងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ​រាជធានីភ្នំពេញ​

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

បន្ទាប់ពីចាប់ផ្តើមដំណើរ​ការបើក​ការដ្ឋាន​សាង​​សង់កាលពីឆ្នាំ២០១៧ និងដាក់ឱ្យ ដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២​០១​៩រួចមក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួ​ងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ អមដំណើរដោយថ្នាក់ដឹកនាំ​ និង​ម​ន្ត្រី​ជំ​នាញរបស់ក្រសួង ព្រមទាំតំណាង​រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដឹកនាំដោយឯកឧត្តម ស៊ឹម ស៊ីថា ជាអគ្គនាយក និងលោកស្រី Ophélie Bourhis ប្រធានទី​ភ្នាក់ងា​របា​រាំ​ង​ស​ម្រា​ប់​កា​រ​អ​ភិ​វឌ្ឍ  (AFD) ប្រចាំកម្ពុជា បានអញ្ជើញចុះ​ពិនិត្យ​ជាក់​ស្តែង​ការ​ដាក់ឱ្យដំ​ណើរ​ការ​សាក​ល្ប​ង ​នៃ​គ​ម្រោ​ង​ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតចំការមន​ ដែលមានទីតាំងស្ថិតនៅ សង្កា​ត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។​ នេះបើតាមផេកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍។

សូមរម្លឹកថា គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន​ គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាក​រទឹ​កស្វ​យ័ត​ក្រុ​ង​ភ្នំ​ពេ​ញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និ​ង​​ថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួនជាង​១៥ លានដុល្លារសហរដ្ឋអាមេរិក ​និងជិត ០៨លានអឺរ៉ូ។ គម្រោងនេះបានចុះ​ហត្ថ​លេខា​ជា​ផ្លូវការនៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោ​យ​ក្រុ​ម​ហ៊ុ​ន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួល ខុសត្រូវក្នុងការសាងសង់ និងស្ថិត​ក្រោម​កា​រ​ត្រួ​តពិ​និ​ត្យ​ដោ​យ​ទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safage)។ គម្រោងនេះ បា​នចា​ប់​ផ្តើ​ម​បើ​ក​កា​រ​ដ្ឋាន​ព​ង្រី​កសមត្ថភាពអាង ប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០១៧ និងបាន​ដាក់​ឱ្យដំ​ណើរ​ការសាកល្បង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

គម្រោងនេះ រួមបញ្ចូលក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តា​ញ​មេ​​នាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ពីទន្លេបាសាក់បានចំនួន៥៧.០០០ ម៉ែត្រ​ត្រីគុ​ណ​ ក្នុងមួយថ្ងៃ និងនាំទឹកស្អាតនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមននេះ ក្នុងសម​ត្ថភា​ព​ផ​លិ​ត​ចំនួន៥២.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។

ក្នុងដំណើចុះពិនិត្យឈ្វេងយល់កាលពីថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិ​ទ្ធ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃការពង្រី​កសមត្ថភាព​រោង​ចក្រ​ប្រ​ព្រឹ​ត្តិ​ក​ម្ម​ទឹ​ក​ស្អា​តចំ​កា​រ​មន​ប្រកបដោយ ជោគជ័យនេះ ដែលជាជំនួយដ៏សំខាន់ ក្នុងការផ្គ​ត់ផ្គង់ទឹកក្នុង​រាជធានី​ភ្នំ​ពេ​ញ ជាពិសេសក្នុង ខណ្ឌចំការមន ដែលកំពុងមានការរីក ដុះដា​លយ៉ាងព្រោង​ព្រាតនូ​វសំ​ណ​ង់​អ​គា​រធំៗ ខ្ពស់ៗ ហើយនៅពេលខាងមុខឆាប់ៗ យើងនឹងអាចសម្ពោ​ធដាក់ឱ្យប្រើប្រាស់ជាផ្លូ​វកា​រ​បាន។

សូមបញ្ជាក់ថា សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុ​ប្បន្នរប​ស់រ​ដ្ឋា​ក​រ​ទឹ​ក​ស្វ​យ័តក្រុងភ្នំពេញ សរុបចំនួន៦៣២.០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយភូមិព្រែក មាន​ស​ម​ត្ថ​ភា​ព​ផលិត​បាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយជ្រោយចង្វារមានសមត្ថភាពផលិត ១៥​ម៉ឺ​​នម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយនិរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណ​ក្នុ​ង​មួ​យថ្ងៃ និងស្ថានីយរោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់​ម៉ឺន​ម៉ែ​ត្រ​ត្រី​គុណក្នុងមួយថ្ងៃ​។

ជាទស្សនៈវិស័យរប​ស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺរដ្ឋា​ករ​ទឹ​ក​ស្វ​យ័តក្រុងភ្នំពេញត្រូវខិតខំបន្ថែមទៀត​ ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បី​បំ​ពេ​ញ​តម្រូវការ ស្របពេលដែលរាជធានីភ្នំពេញ​បច្ចុប្នន្នត្រូវបានពង្រី​កផ្ទៃក្រឡា​រប​ស់​ខ្លួ​ន​ធំ​ជា​ង​មុ​ន​ហើយការវិវឌ្ឍន៌សំណង់អគារធំៗ និងប្រជាពលរដ្ឋក៏មានការកើ​ន​ឡើងយ៉ាងឆា​ប់រហ័​សផ​ង​ដែ​រ។​

ដោយឡែក ការពង្រីកទុន និងការទាក់ទាញវិនិយោគ ការស្វែងរកប្រភពជំនួយ និង​ដៃ​គូ​អភិវឌ្ឍន៌គឺជាការងារចាំបាច់​ ដើម្បីដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតឱ្យដល់ទីប្រជុំជន និង​ឈា​​នដ​ល់​តំបន់ជនបទ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេ​ច​តេ​ជោនា​យ​ក​រ​ដ្ឋ​មន្ត្រី ជាប្រមុខ ដែលចង់ឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ជៀសផុតបាននូវជំងឺ​ដ​ង្កាត់ផ្សេងៗ ដោយសាការប្រើប្រាស់ទឹកមិនស្អាត៕

ដោយ​ គង់ សិរីរ័ត្ន