រដ្ឋ​បាលខេត្ត​ព្រះវិហារ​ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ផែនការយុទ្ធសាស្ត្រថវិកា រាជធានី ខេត្ត សម្រាប់ឆ្នាំ២០២១-២០២៣

​AKP ព្រះវិហារ​ ថ្ងៃទី១៧ ខែកក្កដា ​ឆ្នាំ២០២០

រដ្ឋ​បាលខេត្ត​ព្រះវិហារ​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកា រាជធានី ខេត្ត សម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការ រៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ក្រោម​អធិបតីភាព​លោក​ គោស៊ុំ​ ប៊ុនសឿត​ អភិបាល​រងខេត្ត​ព្រះវិហារ​ នៅព្រឹក​ថ្ងៃសុក្រ​ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ​ឆ្នាំ២០២០ និងមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត នាយ​កទីចាត់ការ ប្រធាន​ការិយាល័យ​ ប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរ​អង្គភាពពាក់ព័ន្ធ អភិបាល​ក្រុង/ស្រុក ប្រធាន​ការិយាល័យ​រដ្ឋបាល​ និងហិរញ្ញ​វត្ថុ​ក្រុង ស្រុក និង​ស្មៀនឃុំ​ សង្កាត់ ចូលរួម​ផងដែរ។

លោក គោស៊ុំ​ ប៊ុនសឿត បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រថវិកាគឺជា មគ្គុទ្ទេសក៍ហើយក៏ជាបច្ចេកទេសដ៏សំខាន់សម្រាប់ណែនាំដល់រដ្ឋបាលនីមួយៗក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលបីឆ្នាំរំកិល(២០២១.២០២៣) ដោយផ្សារភ្ជាប់អទិភាពគោល នយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងគោលដៅតាមវិស័យនិងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំព្រមទាំងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលនីមួយៗ។

ដូច្នេះផែនការយុទ្ធសាស្ត្រថវិកាត្រូវបានឆ្លុះបញ្ចាំងឱ្យ ឃើញច្បាស់លាស់អំពីការ កែទម្រង់ ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ(២០១៩-២០២៥) ទៅតាមរចនាសម្ព័ន្ធ កម្មវិធីនិងគោលនយោបាយដែលនឹងរួមចំណែកសម្រេចអាទិភាពគោលនយោបាយតាមវិស័យរបស់រដ្ឋបាលនីមួយៗ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ដោយឡែកគម្រោងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១គឺស្ថិតក្នុងដំណាក់កាលមួយដ៏មានសារសំខាន់បំផុតសម្រាប់បញ្រ្ជាបជំរុញ និងពង្រីកការអនុវត្តសកម្មភាពកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឱ្យដល់បណ្ដាររដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបោះទីតាំងនៅ មូលដ្ឋាននិងជាខ្សែបណ្ដោយថ្នាក់ជាតិ។ ហេតុនេះការផ្សព្វផ្សាយ សារាចរនេះនិងផ្ដល់ឱកាស គ្រប់គ្រាន់សម្រាប់ឆ្វេងយល់ និងទទួលលើការងារការរៀបចំផែនការ យុទ្ធសាស្ត្រ ថវិការាជធានីខេត្ត និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២១។ ជាពិសេស យើងទទួលបានគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២១ កាន់តែសុក្រឹតគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រាកដផ្សារភ្ជាប់ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមការរំពឹងទុក ដើម្បីទទួលបានលទ្ធផលជោគជ័យ៕

ដោយ ទិត ស្រ៊