គណៈប្រតិភូអន្តរក្រសួង អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនីងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំ បន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍(គ.អ.ឆ.ក) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន(គ.អ.ឆ.ក) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងព្រះសីហនុ ចំនួន៣៤ខ្សែ មានប្រវែង ៨២,៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

តាមគណៈកម្មការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ បានឱ្យដឹងថា មកដល់ ត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ សម្រេចចាក់បេតុងបាន ៩៩,៩២ភាគរយ, ដាក់លូបាន ១០០ភាគរយ, រៀបខឿនថ្មក្រានីតបាន ៥៩,៩៩ភាគរយ,  រៀបកម្រាលថ្មក្រានីតបាន ៤,៤៨ភាគ រយ, ដាំបង្គោលភ្លើងបំភ្លឺផ្លូវ សាធារណៈបាន ២៣,៨៩ភាគរយ,  និងកំពុងធ្វើការបំពាក់អំពូលភ្លើង ដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន ១០,៤៥ភាគរយ នៃបង្គោលភ្លើងដែលបានដាំរួច ។

ក្នុងនោះក៏កំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ចំនួន០២ទីតាំង គឺទីតាំងទី១. នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះទឹកកខ្វក់បានចំនួន ៥,២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ២០ភាគ រយ និងទីតាំងទី២. នៅក្បែរសណ្ឋា គារសុខា មានសមត្ថភាពច្រោះទឹកកខ្វក់បាន ៧, ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន១០ភាគរយ ។   ដោយឡែកគម្រោងអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញាចរាចរណ៍ និងភ្លើងចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ សមុទ្រផងដែរ។

ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុវត្តន៍ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងត្រូវបានធ្វើពិធីបើកការដ្ឋានក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ គម្រោងនេះនឹងចូលរួម អនុវត្តន៍ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ដែលជាចក្ខុវិស័យឆ្នាំ ២០៣០ ត្រូវបានដាក់ឱ្យ ប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ. បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌល ឧស្សាហកម្មបច្ចេក វិទ្យាទំនើបនាពេលខាងមុខ៕

ដោយ ងូ សុមុនី