ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយបញ្ហាជំងឺ covid-19 នៅក្នុងឃុំរាម ស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

នៅសាលាឃុំរាម នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះ ជួយស្រុកព្រៃនប់ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុង ព្រះសីហនុ  និងឯកឧត្ដម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក ជាមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងជាអនុប្រធានក្រុមការងារចុះ ជួយស្រុកព្រៃនប់ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋងាយរង គ្រោះដោយបញ្ហាជំងឺកូវីដ-១៩ ក្រ-១ ចំនួន ៧៣គ្រួសារ និងក្រ-២ ១២គ្រួសារ និងប្រជាការពារ ២៥នាក់ នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយបញ្ហាជំងឺ Covid-19 ក្នុងនោះ ក្រ-១ ចំនួន ៧៣គ្រួសារ  មកពី ៤ភូមិ និងប្រជាការពារ ២៥នាក់  ក្នុងនោះ ប្រជាពលរដ្ឋក្រ-១ មកពីភូមិថ្មធំ ១៧គ្រួសារ, ភូមិស្មាច់ដែង ១៥គ្រួសារ, ភូមិរាម ១៦គ្រួសារ, និងភូមិអុង ២៥គ្រួសារ។

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ ប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់នឹង Covid-19 ព្រមទាំងបានថ្លែងអំណរគុណឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តែងតែ ជួយដល់ប្រជាពលរដ្ឋក្រីក្ររង ផលប៉ះពាល់ Covid-19 ស្របតាមគោលនយោបាយចែករំលែករបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចេញសាច់ប្រាក់ជួយរំលែកការលំបាក របស់ប្រជាពលរដ្ឋរងផលប៉ះពាល់នឹងជំងឺ Covid-19។ ដោយសារ ជំងឺ Covid-19 កំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយឡែកសំណាងប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច ហ៊ុន សែន បានដាក់ចេញនូវវិធានការច្បាស់លាស់ក្នុងការការពារ បង្ការ ទប់ស្កាត់បានទាន់ពេលវេលា មិនបណ្តាលឱ្យមានអ្នកជំងឺ Covid-19 ណាម្នាក់ស្លាប់នោះទេ ហើយជំងឺ Covid-19 នេះ គឺករណីនាំចូលមកពីក្រៅប្រទេស។

ឯកឧត្តមបន្តថា អង្គការសុខភាពពិភពលោកទទួលស្គាល់កម្ពុជា បានអនុវត្តន៍វិធាន ការសុខាភិបាលបានល្អ  ម្យ៉ាងទៀតជំងឺ  Covid-19 មិនទាន់រកថ្នាំព្យាបាល ឬវ៉ាក់សាំងចាក់ការពារបានទេ យើងត្រូវតែបន្តអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល កុំឱ្យជំងឺនេះឆ្លងមកក្រុមគ្រួសារ និងសហគមន៍យើង។

ឯកឧត្តម លូ គឹមឈន់ បានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋ ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេស ក៏ដូចជាការគ្រប់គ្រងជំងឺឆ្លង Covid-19 មិនមានការឆ្លងចូលមក សហគមន៍ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមអនុវត្តន៍វិធានការ ណែនាំរបស់ក្រសួងសុខាភិបាល លាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កល់ ឱ្យបានញឹកញាប់ ទន្ទឹមនោះចូលរួមការងារបង្កបង្កើនផល (កសិកម្ម) ដូចជាការដាំបន្លែ ផ្លែឈើក្នុងគ្រួសារ ដើម្បីផ្គត់ផ្គង់បង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោក ហេង សុវណ្ណា សមាជិកក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកព្រៃនប់ ក៏បានជួយឧបត្ថម្ភ សម្លៀកបំពាក់ដល់ប្រជាកាពារ ឃុំរាម ចំនួន ២៥នាក់ ក្នុងម្នាក់ទទួលបានខោអាវមួយកំប្លេ (អាវមួយ ខោ១ មួក១) និងថវិកាម្នាក់ ៥ម៉ឺនរៀល និងបានឧបត្ថម្ភ Computer០១គ្រឿង ដល់មូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។ ដោយកន្លងមកលោក ហេង សុវណ្ណា តែងតែនាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងផលប៉ះពាល់នឹង Covid-19 នៅក្នុងស្រុកព្រៃនប់ ជាបន្តបន្ទាប់ មានដូចជា ឃុំទឹកល្អក់ ឃុំសាមគ្គី ឃុំរាម និង ឃុំដទៃ ទៀតផងដែរ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ Covid-19 នៅក្នុងឃុំរាម ក្រ-១ មានចំនួន៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ក្រមា០១ ជាអំណោយឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា អនុប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ ដោយឡែកឯកឧត្តម លូ គឹម ឈន់ បានឧបត្ថម្ភថវិកា ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ។ ចំពោះប្រជាពលរដ្ឋ ក្រ-២ ចំនួន ១២គ្រួសារ ទទួលបានថវិកាក្នុងមួយគ្រួសារ ១០ម៉ឺនរៀល ៕

ដោយ ងូ សុមុនី