ធនាគារពិភពលោកផ្ដល់ឥណទាន១០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវ បង្កើន​លទ្ធភាពទទួលបានសេវានិងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បាន​អនុម័តផ្តល់​ឥណទាន ១០០លានដុល្លារអាម៉េរិក ពី​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយ​គាំទ្រគម្រោង​​កែលម្អ​បណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបាន សេវា និងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌ មានរបស់ធនាគារពិភពលោក(World Bank)។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំ កម្ពុជាបានមានប្រសាសន៍ថា គម្រោងនេះ នឹង​ពង្រីកលទ្ធភាពសម្រាប់​សហគមន៍ជនបទ ឱ្យទទួល​បាន​សេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ​ តាមរយៈការកែលម្អ​ផ្លូវជនបទ​ឱ្យ​កាន់តែមានភាពធន់​ទៅនឹង​កត្តា​ប្រែប្រួល​របស់​អាកាស​ធាតុ។ លោកស្រីបានបន្ដថា ការកែលម្អនឹង​ត្រូវ​ធ្វើ​ទៅលើ​ផ្នែក​ជាច្រើននៃតាម​ផ្លូវ​ជាតិ​​និង​ផ្លូវខេត្ត ដែលជាលទ្ធផល​​ជួយ​កាត់​បន្ថយ​ថ្លៃចំណាយលើការដឹកជញ្ជូន​ ​​និ​ងហានិ ភ័យគ្រោះថ្នាក់​​ដោយសារតែផ្លូវខូច និងជួយ​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់​ផ្គង់​ក្នុង​វិស័យ​កសិ​កម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ។ លោកស្រីបានបន្ដទៀតថា ការចំណាយ លើកា​រដឹកជញ្ជូននៅប្រទេសកម្ពុជា​នៅតែមានកម្រិត​ខ្ពស់នៅឡើយ ទោះបីជា​មាន​ភាព​ប្រសើរច្រើនក្នុង​ប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ជាមួយគ្នានេះ ផ្លូវថ្នល់គឺជាមធ្យោបាយ ដឹកជញ្ជូន​នាំមុខគេនៅក្នុងប្រទេស ហើយ​ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគច្រើន ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ។

បើតាមរបាយការណ៍បានបង្ហាញថា ផ្លូវជនបទ​មាន​ជាង​ ៧៥​ភាគរយ ​នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​មានតែ៥​ភាគរយ ប៉ុណ្ណោះដែល​ជាផ្លូវក្រាលកៅស៊ូ។ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បាន​ធ្វើ​ឱ្យមានភ្លៀងនិង​ទឹកជំនន់​ធំៗ​ បង្ក​ហានិភ័យខូចខាតកាន់​តែ​ខ្លាំង ដល់​ប្រព័ន្ធ​ផ្លូវ​នៅជនបទ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា បានលើកឡើងថា ការវិភាគ​អំពី​ស្ថានភាពប្រើ ប្រាស់របស់​ផ្លូវជនបទ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជាផ្នែកមួយនៃការរៀបចំគម្រោងនេះ បង្ហាញ ថា ក្នុង​រដូវទឹកជំនន់ ជាង ២៦ភាគរយនៃ​ប្រជាជនរស់នៅ​ក្នុង​តំបន់​របស់​គម្រោង ប្រឈម​នឹង​ហានិភ័យគ្មាន​ផ្លូវប្រើ​សម្រាប់​ទៅរកសេវា​បន្ទាន់ផ្នែកសុខាភិបាល និង​សាលារៀន។  ក្រៅពីនោះ ១៨ភាគរយទៀត ត្រូវ​ចំណាយ​ពេល​ ៣០នាទី ឬច្រើន​ជាង​នេះ ​សម្រាប់​ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ ការ ជ្រើស​រើស​ផ្លូវ​​សម្រាប់​ការ​វិនិយោគនៃគម្រោងនេះ ផ្តល់អាទិភាពដល់​ផ្លូវទាំងឡាយណា ដែល​តភ្ជាប់​ផ្ទះ​អ្នក​ស្រុក​ជាមួយ​មន្ទីរពេទ្យ សាលារៀន និង​ទីផ្សារ។ ចំពោះ​តំបន់គោលដៅ​របស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្ដ​ក្រចេះ ដែល​គ្របដណ្តប់​លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅ​តាម​ទីជនបទដាច់ស្រយាល។

លោកស្រីប្រធានធនាគារពិភពលោកបានបន្ថែមថា “កង្វះលទ្ធភាពសម្រាប់ទទួល​បាន​សេវាមន្ទីរពេទ្យ សាលារៀន និង​​សម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ​ ជាពិសេស​ក្នុង​រដូវ​វស្សា នៅតែ​ចោទ​ជាបញ្ហា​ប្រឈមធំមួយ​សម្រាប់​ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ។ គម្រោងថ្មីនេះ ​គឺ​ជា​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុងការជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា រចនា​សម្ព័ន្ធផ្លូវរបស់​កម្ពុជា”។ លោកស្រីបានឱ្យដឹងទៀតថា គម្រោងនេះ ក៏​នឹង​តភ្ជាប់​កាន់​តែ​ប្រសើរ​ជាងមុន​ដោយបានភ្ជាប់ប្រជាជន ទៅ​នឹងការទទួលបាន​សេវា កាត់បន្ថយ​ការដាច់ ផ្លូវ និង​បង្កើត​ការ​ងារ​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុងពេល​សាងសង់ផ្លូវ ដែលរួមចំណែក ធ្វើ​ឱ្យសេដ្ឋកិច្ច​ងើបឡើងវិញទៀតផង។

សូមបញ្ជាក់ថា គម្រោងនេះក៏នឹង​ជួយក្រសួង​សាធារណការនិង​ដឹកជញ្ជូន និង​ក្រសួងអភិវឌ្ឍន៍ជនបទ (ដែល​ក្រសួងទាំងពីរនេះជា​ភ្នាក់​ងារ​អនុវត្តន៍គម្រោង) ​ក្នុង​ការ​អភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ គម្រោងនេះ ក៏មាន​ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទានផ្លូវ ធន់នឹងអាកាសធាតុ ការជួយ​ដល់​ក្រសួងទាំងពីរ​ក្នុង​ការ​អនុវត្ត​ផែនការសកម្មភាព​បញ្ជ្រាប យេនឌ័ររបស់ក្រសួងទាំងពីរ និង​ការ​គ្រប់​គ្រង​កិច្ចសន្យាផ្អែកលើលទ្ធផលការងារសម្រាប់​ការថែទាំផ្លូវ​ ធ្វើ​ឱ្យហេដ្ឋារចនាសម្ព័ន្ធ កាន់តែមានចីរភាព​ល្អប្រសើរ៕

ដោយ រិទ្ធី