អង្កការរ៉ូតារីអង្គរ ផ្តល់អំណោយជាមុង១០០ និងភួយ៥០០ ដល់កាកបាទក្រហមខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​​១៧ ខែ​កក្កដា ឆ្នាំ២០២០–

នារសៀលថ្ងៃព្រហស្ពតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រុមអង្កការ រ៉ូតារីអង្គរ ដឹកនាំដោយលោកស្រី អាណា ប្រធានអង្កការ បាននាំយកអំណោយជាមុង១០០និង ភួយ៥០០ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលអំណោយទាំងនេះគឺជាការចូលរួមអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០។

នៅក្នុងឱកាសប្រគល់អំណោយនោះ លោកស្រីតំណាងអង្គការបានឱ្យដឹងថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាពេលនេះ គឺជាទឹកចិត្តសប្បុរសធម៌របស់សមាជិក សមាជិកា នៃក្រុមរ៉ូតារីអង្គរ ជាពិសេសគឺចែករំលែកក្ដីស្រឡាញ់ដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសមាគម បានបរិច្ចាគដោយក្ដីស្រឡាញ់ ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដីតែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ និងគ្រាលំបាក ។

នៅក្នុងជំនួបសំណេះសំណាលនិងទទួលអំណោយនោះ លោក ស៊ុ សំអន នាយកសាខា តំណាងឱ្យឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមរ៉ូតារីអង្អរ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្ម ភាពមនុស្សធម៌ គឺសបញ្ជាក់ពីក្ដីស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្ម ភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោក ស៊ុ សំអន បានឱ្យដឹងទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងប្រើប្រាស់នូវអំណោយទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោកនាយកក៏បានសូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមរ៉ូតារីអង្គរ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា ៕ ដោយ៖ហង្ស សៀក