សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រើនរម្លឹក​អតីតយុទ្ធជន បន្ត​ប្រកាន់​វីរភាព​ដ៏​អង់អាច​ក្លាហាន​ឱ្យ​ស័ក្តិ​សមជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​

AKP កណ្តាល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ក្រើនរម្លឹក​ដល់​អតីត​យុទ្ធ​កម្ពុជា​ទាំងអស់ ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​វីរភាព​អង់អាច​ក្លាហាន ឱ្យ​ស័ក្តិ​សមជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​មាតុភូមិ​។​
​ការ​ក្រើនរម្លឹក​បែបនេះ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួល ស្គាល់ ថ្នាក់ដឹកនាំ សមាគម​អតីតយុទ្ធជន​កម្ពុជា ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានឱ្យដឹងថា រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០២០​នេះ ដើម្បី​ឆ្លើយតប​ទៅ នឹង​គុណបំណាច់​ដ៏​ធំធេង​របស់​អតីតយុទ្ធជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​គិតគូរ​សាងសង់​ផ្ទះ​ចំនួន ២,៤៦០​ខ្នង​។ បើ​ប្រៀបធៀប​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ទូទាំងប្រទេស​ទៅនឹង​ស្ថិតិ​នៃ​ការធ្វើ បច្ចុប្បន្នភាព​អតីតយុទ្ធជន​ក្នុង​ឆ្នាំ​២០១៦ ដែល​បាន​រកឃើញ​អតីតយុទ្ធជន​សរុប​ចំនួន ៦,១១៤​គ្រួសារ (​មាន​ដី​គ្មាន​ផ្ទះ ឬ​មានផ្ទះ​ស្នាក់នៅ​មិន​សមរម្យ គ្មាន​ដី គ្មាន​ផ្ទះ និង​រស់នៅ​លើដី​សាធារណៈ​) គឺ​នៅសល់​ចំនួន ៣,៦៥៤​គ្រួសារ​ទៀត ដែល​ត្រូវ​បន្ត​សាងសង់ និង​ដោះស្រាយ​ដី​សម្បទាន សង្គមកិច្ច​ជូន​បន្តទៀត​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បន្តថា សមាគម អតីតយុទ្ធជន​កម្ពុជា បានប្រគល់​ថវិកា​បេឡា​មរណ​សង្គ្រោះ​ជូន​គ្រួសារ​សព​សមាជិក ស​.​អ​.​ក តាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន​៩,៧៩៣​សព ក្នុងនោះ​ថវិកា​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​បំពេញបន្ថែម សម្រាប់​ផ្តល់ជូន​គ្រួសារ​សមាជិក​ចំនួន ៣,១២៧​សព និង​បំពេញ​ថវិកា​បន្ថែម ៣,៥០០​រៀល ជូន​សមាជិក​ជា​គ្រួសារ​ជន​ពលី មរណៈ​រយៈ​២៥​ខែ (​គិត​ត្រឹម​ការផ្ទេរ​ថវិកា​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០) សរុបថ​វិកា ២​ពាន់​លាន​រៀល​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បញ្ជាក់ថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ សមាគម​អតីតយុទ្ធជន​កម្ពុជា មាន​សមាជិក ៧៦,៩២៣​នាក់ ដែលមាន​នៅក្នុង​បន្ទុក​ប្រមាណ ១០៨,៨៧១​នាក់ កំពុង​ទទួល​របប​ឧបត្ថម្ភ​គោលនយោបាយ​ពីរ​ដ្ឋ​ជា​រៀងរាល់ខែ ក្នុងនោះ​៖ មាន​និវត្តជន ចំនួន ២៦,៨៩២​នាក់​, ជន​បាត់បង់​សមត្ថភាព​ការងារ ចំនួន ១,៤៤៤​នាក់ និង​ជនពិការ ចំនួន ២៦,៤៤៩​នាក់ ។​
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា «​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ទាំងអស់ ត្រូវ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វីរភាព​អង់អាច​ក្លាហាន​ឱ្យ​ស័ក្តិ​សមជា​កុលបុត្រ​ដ៏​ឆ្នើម​របស់​ជាតិ មាតុភូមិ បើទោះបី​បច្ចុប្បន្ននេះ បងប្អូន​បានក្លាយ​ជា​អតីតយុទ្ធជន ក៏ត្រូវ​បន្ត​រក្សា​ស្មារតី​វីរភាព​ជា ប្រពៃណី​ថ្លៃថ្លា​នេះ​ឱ្យបាន​ខ្ជាប់​ខ្ជូ​ន ដើម្បី​ធ្វើជា​គំរូ​ល្អ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដែល​ត្រូវ​បន្តវេន​នៅក្នុង​សង្គមជាតិ​»​។​
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា ដើម្បីឱ្យ​ស័ក្តិ​សមជា​អតីតយុទ្ធជន អង់អាច​ក្លាហាន​សម្រាប់​ជាតិ ទាមទារ​ឱ្យ​អតីតយុទ្ធជន​ត្រូវ​បន្ត​ចូលរួម​អនុវត្តន៍ ចលនា​ប្រឡងប្រណាំង​៣ ពូកែ របស់​អតីតយុទ្ធជន​រួមមាន​៖ ទី​១. ការធ្វើ​សេដ្ឋកិច្ច​គ្រួសារ​ពូកែ​, ទី​២. ការជួយ​គ្នា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ពូកែ និង​ទី​៣. ការអភិវឌ្ឍ​សមាគម និង​សង្គម ជាតិ​ពូកែ​នៅ​គ្រប់​ថ្នាក់ ធ្វើឱ្យ​ក្លាយជា​អតីតយុទ្ធជន​ដែលមាន​ស្នាដៃ​លេចធ្លោ ទទួលបាន​ការលើកសរសើ​រ និង​ផ្សព្វផ្សាយ​ជូន​រង្វាន់​ជា​គំរូ​តាម​គោលការណ៍ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានឱ្យដឹង​ទៀតថា សម្រាប់​ពិធី​ប្រកាស​ទទួលស្គាល់​អនុប្រធាន​អគ្គលេខាធិការរង​សមាជិក គណៈកម្មាធិការ កណ្តាល សមាជិក​គណៈអចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​កម្ពុជា​នៅថ្ងៃនេះ គឺជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ស្តែង​បញ្ជាក់​ពី​ការគិតគូរ​យកចិត្តទុកដាក់ និង​ដឹងគុណ​ជានិច្ច ចំពោះ​អតីតយុទ្ធជន​កម្ពុជា​ទាំងអស់​។​
​នាឱកាស​នោះ សម្តេច​ពិជ័យ​សេនា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើតបានជា​សមិទ្ធផល ស្នាដៃ និង​វ​ឌ្ឍ​ភាព​ការងារ របស់​សមាគម​អតីតយុទ្ធជន​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​រយៈកាល​៥​ឆ្នាំ​កន្លងមកនេះ​៕ ដោយ​សំ សាម៉ន​