មន្ត្រី​សង្ឃ​និង​អភិបាល​ខេត្តតាកែវ​និមន្ត​និង​អញ្ជើញ​ចែក​អំណោយ​របស់​សប្បុរ​សជន​ដល់​ពលរដ្ឋ​ខ្វះ​ខា ត​ចំនួន ២០០​គ្រួសារ មកពី ៤​ឃុំ ក្នុងស្រុក​សំរោង​

AKP តាកែវ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០–
​ព្រះ​មង្គល​បញ្ញា សៅរ៍ តារា​វី ព្រះ​រាជាគណៈ​កិត្តិយស ឧ​ត្ត​ម​ទីប្រឹក្សា​សម្ដេច​អគ្គ​មហាសង្ឃរាជ ទេព វង្ស ទីប្រឹក្សា​ផ្ទាល់ នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​រាជបណ្ឌិត្យសភា នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ទីប្រឹក្សា​ផ្ទាល់ សម្ដេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​មង្គល​មាន​លក្ខណ៍ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៧ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ រួមជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង និង​សប្បុរសជន បាន​និមន្ត​និង​អញ្ជើញ​ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត មកពី​ឃុំ​រវៀង ចំនួន ៤០ គ្រួសារ ឃុំ​សំរោង ៦០​គ្រួសារ ឃុំ​ស្លា ៥០​គ្រួសារ និង​ឃុំ​ជើង​គួ​ន ៥០​គ្រួសារ សរុប​ចំនួន ២០០​គ្រួសារ ក្នុងស្រុក​សំរោង ខេត្តតាកែវ ។ នេះ​បើតាម​ផេ​ក​រដ្ឋបាល​ខេត្តតាកែវ​។​

​មានមតិ​សំណេះសំណាល​នា​ស​ឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្តតាកែវ បាន​បន្តសកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការចាក់​មេក្រូ​នៅតាម​ភូមិ តាម​វត្ត​អា​រ៉ា​ម​នានា និង​ចុះ​អប់រំ​ដល់​ខ្នង​ផ្ទះ​ប្រជា​ពលករ​ដែល​ទើប​វិល​ត្រលប់​ពី​ក្រៅប្រទេស​ពី​វិធី​បង្ការ​និង​វិធាន​ការការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ​ផងដែរ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ទប់ស្កាត់​ក្នុង​រលក​ទី​២​នេះ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាលកុល​ឱ្យបាន​ញឹកញាប់​តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ការពារ​ខ្លួនឯង ក៏ដូចជា​ការពារ​ដល់​អ្នកដទៃ​។​

​សូម​បញ្ជាក់ដែរថា អំណោយ​ដែល​បាន​ផ្ដល់ជូន​នាឱកាស​នោះដែរ មាន​អង្ករ ២៥​គីឡូ មី​ជាតិ ១​កេះ អាល់កុល​១​ដប ថវិកា ២​ម៉ឺន​រៀល និង​ថវិកា​ចូលរួម​ជាមួយ សប្បុរសជន ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ចំនួន ២​លាន​រៀល​ផងដែរ ៕ ​គង់ សិរី​រ័ត្ន​