អណ្តូងទឹក​ស្អាត​ចំនួន​១៧ នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​

AKP ព្រះវិហារ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០
​លោកជំទាវ ចឹក ហេង អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អណ្តូង​ទឹកស្អាត ប្រភេទ​អា​ហ្វ្រី​ដេ​ស​ចំនួន​១៧ ជូន​ប្រជាពលរដ្ឋ​ចំនួន​២៧៥​គ្រួសារ នៅ​ភូមិ​ចំនួន​១៤ ក្នុង​ឃុំ​ចំនួន​៤​រួមមាន​៖ ឃុំ​រុងរឿង​ចំនួន​៥​អណ្តូង ឃុំ​រំដោះ​ចំនួន​៤​អណ្តូង ឃុំ​រមទម ចំនួន​៣​អណ្តូង និង​ឃុំ​រមណីយ៍​ចំនួន​៥​អណ្តូង នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​។

​​លោកជំទាវ ចឹក ហេង បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែន ការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គ ការ​សហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​នឹករលឹក និង​ការគិតគូរ​ពី​សុខុមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ទាំងអស់ និង​សូមឱ្យ​បងប្អូន​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ត្រូវ​ពិសា​ទឹក​ដាំ​ពុះ ត្រូវ​លាងដៃ ឱ្យបាន​ស្អាត​ជា ប្រចាំ​មុនពេល​បរិភោគ​អាហារ ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ និង​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រើ ប្រាស់​ទឹក​ដោយ​សន្សំសំចៃ ទៅតាម​សារា​ចរណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល និង​សូមឱ្យ​អ្នកទទួលផល​អណ្តូង ទឹក​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា អនាម័យ ជួសជុល​សមិទ្ធ ផល​អណ្តូង​ទឹកស្អាត​ទាំងនេះ ឱ្យប្រើ​ប្រាស់​បាន​គង់វង្ស​យូរអង្វែង​។ ព្រមទាំង​បានធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​កូ​វីដ​១៩ ទាំងអស់គ្នា​ផងដែរ ។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានផ្តល់​អំណោយ​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ចំនួន​៣៦​គ្រួសារ មកពី​៤ ភូមិ ក្នុង​ឃុំ​រុងរឿង ស្រុក​រវៀង ខេត្តព្រះវិហារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥ គីឡូ មី​១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ៕ ដោយ ទី​ត ស្រ៊​