ការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២០ នឹងធ្វើនៅចុងខែកក្កដានេះ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាប្រយុទ្ធ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ នៅចុងខែកក្កដានេះ។

ក្នុងសេចក្ដីជូនដំណឹងមួយដែលចុះហត្ថលេខាដោយ ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនោះបានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងធ្វើរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៣ ដល់ ២៥ ខែកក្កដា ខាងមុខនេះ ដោយប្រកួតក្នុងមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ។

សម្រាប់កីឡាប្រយុទ្ធ៣ប្រភេទនឹងត្រូវដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺយូដូ តេក្វាន់ដូ និងការ៉ា​តេដូ  ខណៈប្រភេទកីឡាយូដូមាន៣ប្រភេទទម្ងន់ គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស លើទម្ងន់ចាប់ពី៧៣គីឡូក្រាមឡើង។ ចំពោះវិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់៦០គីឡូក្រាម និង វិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់៥៧គីឡូក្រាមឡើង។ ដោយឡែកប្រភេទកីឡាតេក្វាន់ដូ មាន៣ប្រភេទទម្ងន់ គឺទម្ងន់៥៨ គីឡូក្រាម ទម្ងន់៦៨ គីឡូក្រាម និង ប្រភេទទម្ងន់៨០គីឡូក្រាម ស្របពេលដែលប្រភេទកីឡាការ៉ាតេមាន៤ប្រភេទទម្ងន់ គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់៦០គីឡូក្រាម និងក្រោម៦០គីឡូក្រាម។ ប្រយុទ្ធឯកត្តជនបុរសទម្ងន់៦៧គីឡូក្រាម និងក្រោម៦៧គីឡូក្រាម។ ប្រភេទទម្ងន់៧៥គីឡូក្រាម និងក្រោម៧៥គីឡូក្រាម និងប្រ ភេទទម្ងន់៨៤គីឡូក្រាម និងក្រោម៨៤គីឡូក្រាម។

សូមបញ្ជាក់ថា សម្រាប់កីឡាករ កីឡាការិនីនៃបណ្តាក្លិបនានាដែលចង់ចូលរួមអាចដាក់ពាក្យចូល រួមប្រកួតបាន ដោយគ្រោងបញ្ចប់ការចុះឈ្មោះ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០៕

ដោយ ហេង ណាលីន