សិក្ខាសាលាស្ដីពី ការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីតំបន់បឹងធំកង្កែប នៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងធំកង្កែបមានទំហំ ១៦១ហិកតា ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ និងមន្ទីរពាក់ព័ន្ធ។

លោក គង់ វិតាណ: មានប្រសាសន៍ថា សិក្ខាសាលាផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ដីតំបន់បឹងធំកង្កែប មាន ៤ចំណុចសំខាន់ៗគឺ៖ ទី១.ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ, ទី២.មន្ទីរធនធានទឹក, ទី៣.តំបន់ព្រៃលិចទឹកនៅជុំវិញបឹងធំកង្កែប, និងទី៤.ប្លង់គោលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម ប៉ែន សុផល មានប្រសាសន៍បើកសិក្ខាសាលាថា គោលបំណង នៃសិក្ខាសាលា គឺសិក្សា និងគាំទ្របច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីតំបន់បឹងធំកង្កែប ស្របតាមគោលនយោបាយក្របខ័ណ្ឌ គតិយុត្ត និងនីតិវិធីជាធរមាន ដើម្បីធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងអភិរក្សនគរូបនីយកម្ម ប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ។ ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ ដែលបានធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញជាប៉ូលទី១ ខេត្តសៀមរាប ជាប៉ូលទី២ ខេត្តព្រះសីហនុ ជាប៉ូលទី៣ និងប៉ូលទី៤ តំបន់ភូមិភាគឦសាន និងការសិក្សាប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ។

ឯកឧត្តមបន្តថា ការអភិវឌ្ឍបឹងធំបង្កែប អភិវឌ្ឍន៍ប្រកបដោយភាពឆ្លាតវៃ ដោយធ្វើការអភិវឌ្ឍត្រឹមត្រូវសម្រាប់កូនចៅជំនាន់ក្រោយ និងបរិយាបន្ន ការចូលរួមប្រកបដោយភាពរីកចម្រើនទាំងអស់គ្នានៅជុំវិញបឹងធំកង្កែប ។ ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈ និងឯកជនក្នុងការអភិវឌ្ឍ អភិរក្ស ការសាងសង់ធានាបានតុល្យភាពនៃការអភិវឌ្ឍ និងអភិរក្សព្រមទាំងមានទំនាក់ទំនងរវាងបឹងធំកង្កែប និងតំបន់ជុំវិញ ដោយផ្អែកលើកត្តាភូមិសាស្ត្រ និងលក្ខណៈពិសេសក្នុងតំបន់ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អការអភិវឌ្ឍ និងការអភិរក្ស ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងតំបន់ និងជុំវិញដោយកំណត់ទិសដៅច្បាស់លាស់អំពីការអភិវឌ្ឍ និងការអភិរក្ស តំបន់បឹងធំកង្កែបនៅពេលអនាគតប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ។

ឯកឧត្តម រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការវិភាគទិន្នន័យ និងកំណត់សេណារីយូប្លង់គោលប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងការអភិរក្សតំបន់បឹងធំកង្កែប មានគម្រោងអភិវឌ្ឍន៍ធំៗចំនួន ៣គឺ ទី១.គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ, ទី២.គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជ, និងទី៣.គម្រោងអភិវឌ្ឍន៍តំបន់បឹងកង្កែប ៕ ដោយ៖ងូ សុមុនី